អេហ្ស៊ីបបង្កើនទំនាក់ទំនងក្នុងតំបន់ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ -- បន្ទាប់ពីការថ្កោលទោសចំពោះការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ សព្វថ្ងៃនេះ ប្រទេសអេហ្ស៊ីបនៅតែរក្សាទំនាក់ទំនងជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដើម្បីដោះស្រាយភាពតានតឹងដែលកំពុងកើនឡើងនេះ និងបន្តកិច្ចចរចាឡើងវិញ។ ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល ហ្វាតតាហ៍ អ៊ែល-ស៊ីស៊ី (Abdel Fattah El-Sisi) និងសមភាគីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan)បានព្រមព្រៀងគ្នាទៅលើតម្រូវការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពយោធានិងបន្តកិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
ឥស្សរជនទាំងពីរបានអះអាងថា ការវាយប្រហាររបស់អ៊ីស្រាអែលអាចបង្កឱ្យមានផលវិបាកយ៉ាងមហន្តរាយសម្រាប់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា ការវាយលុករបស់យោធាអ៊ីស្រាអែលជាការគំរាមកំហែងធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងភាពវឹកវរដែលនឹងមានផលវិបាកសម្រាប់ប្រទេសទាំងអស់ដោយគ្មានករណីលើកលែង។ នៅក្នុងការនិយាយសំដៅទៅលើអ៊ីស្រាអែល លោក អ៊ែល-ស៊ីស៊ី បានទទូចឱ្យប្រកាសតំបន់នេះជាតំបន់គ្មានអាវុធប្រល័យលោក។
ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក បាដ អាប់ឌែលឡាត់ទី (Badr Abdelatty) បានជួបពិភាក្សាដាច់ដោយឡែកជាមួយសមភាគីរបស់លោកពីប្រទេសអូម៉ង់ លោក បាដ ប៊ីន ហាម៉ាដ អាល់ ប៊ូសៃឌី (Badr Bin Hamad Al Busaidi) និងសមភាគីតួកគី លោក ហាកាន់ ហ្វ៊ីដាន់ (Hakan Fidan)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





