មេដឹកនាំចិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីកណ្តាលនៅកាហ្សាក់ស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានចាកចេញពីទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទទៅកាន់ទីក្រុងអាស្តាណារបស់ប្រទេសកាហ្សាក់ស្ថាន ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទី២។
ប្រធានាធិបតីកាហ្សាក់ស្ថានបាននិយាយថា លោក ស៊ី នឹងបើកកិច្ចប្រជុំទ្វេភាគី មុនពេលចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃអង្គារនេះ។
ប្រមុខរដ្ឋនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន តាជីគីស្ថាន និងតូមិននីស្ថាន ក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។
ដំណើរទស្សនកិច្ចនេះជាដំណើរទស្សនកិច្ចទៅបរទេសលើកទីបីរបស់លោក ស៊ី នៅក្នុងឆ្នាំនេះ បន្ទាប់ពីទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ និងរុស្ស៊ី។
ប្រទេសចិនកំពុងប្រកួតប្រជែងជាមួយរុស្ស៊ី ដែលជាអតីតមហាអំណាចអាណានិគមនៅអាស៊ីកណ្តាលសម្រាប់ឥទ្ធិពលនៅក្នុងតំបន់ដ៏ធំ ដែលស្ទើរតែស្មើនឹងសហភាពអឺរ៉ុប ប៉ុន្តែមានប្រជាជនសរុបត្រឹមតែ ៨០លាននាក់ប៉ុណ្ណោះ។
អាស៊ីកណ្តាល គឺជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសចិននៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ខ្លួន ដែលប្រើប្រាស់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំជាគន្លឹះនយោបាយ និងការទូត។
តំបន់នេះក៏សម្បូរទៅដោយធនធានធម្មជាតិ ហើយការវិនិយោគរបស់ប្រទេសចិនអាចជួយសម្រួលដល់វិស័យពាណិជ្ជកម្មជាមួយអឺរ៉ុប។
សាធារណរដ្ឋទាំង៥ នៅអាស៊ីកណ្តាល បានព្យាយាមកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី និងបង្កើនភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេងទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថែមស៍)





