លោក លី ជេយុង ប្រារព្ធខួប ៦០ឆ្នាំនៃទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេយុង (Lee Jae-myung) បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុនកាលពីថ្ងៃចន្ទនៅក្នុងសុន្ទរកថារបស់លោកដែលប្រារព្ធខួបលើកទី៦០ នៃការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងការទូត។
លោក លី បាននិយាយនៅក្នុងសារអបអរសាទររបស់លោកដែលត្រូវបានថតជាវីដេអូក្នុងអំឡុងពេលទទួលភ្ញៀវនៅសណ្ឋាគារ Lotte Hotel Seoul ដើម្បីអបអរសាទរចំណងការទូតថា «ខ្ញុំជឿថា ការទទួលស្វាគមន៍ភ្ញៀវនៅថ្ងៃនេះនឹងដើរតួជាព្រឹត្តិការណ៍សំខាន់មួយក្នុងការបើកទំព័រថ្មីក្នុងទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុន»។
លោកបាននិយាយថា «សូមឱ្យយើងរួមដៃគ្នា ហើយឈានទៅមុខជាមួយគ្នាឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើរ»។
លោក លី បានផ្ញើសារជាវីដេអូនវ ខណៈដែលលោកមិនអាចចូលរួមព្រឹត្តិការណ៍នេះបាន ដោយសារលោកបានចាកចេញទៅប្រទេសកាណាដាដើម្បីចូលរួមកិច្ចប្រជុំកំពូល G7។
លោកប្រធានាធិបតីបានហៅប្រទេសទាំងពីរថាជាដៃគូសំខាន់ដែលត្រូវស្វែងរកវិធានការទប់ទល់ជាមួយគ្នា ចំពេលដែលស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងឆាប់រហ័ស។
លោកបានបន្តថា ប្រទេសទាំងពីរសម្រេចបាននូវការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងវិស័យផ្សេងៗ ដែលរួមមានទាំងវិស័យសេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
លោក លី ក៏បានកត់សម្គាល់ផងដែរថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងពីប្រហែល ២០០លានដុល្លារអាម៉េរិកកាលពីក្នុងឆ្នាំ១៩៦៥ ដល់ជាង ៧០ពាន់លានដុល្លារអាម៉េរិកកាលពីឆ្នាំមុន ដែលជាការកើនឡើងប្រហែល ៣៥០ដង ហើយការផ្លាស់ប្តូរពីប្រជាជនទៅប្រជាជនប្រចាំឆ្នាំបានកើនឡើងពីប្រហែល ១០.០០០នាក់ដល់ជាង ១២លាននាក់។
ព្រឹត្តិការណ៍កាលពីថ្ងៃច័ន្ទនោះ ត្រូវបានរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំទីក្រុងសេអ៊ូល បន្ទាប់ពីក្រសួងការបរទេសនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នារៀបចំព្រឹត្តិការណ៍នៅក្នុងប្រជាជាតិរបស់គ្នាទៅវិញទៅមក។នៅថ្ងៃព្រហស្បតិ៍ ពិធីទទួលភ្ញៀវមួយទៀតដែលនឹងរៀបចំឡើងដោយស្ថានទូតកូរ៉េខាងត្បូងប្រចាំទីក្រុងតូក្យូ នឹងត្រូវបានប្រារព្ធធ្វើនៅក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុន៕





