កងទ័ពអ៊ីស្រាអែលអះអាងថាបានបំផ្លាញមួយភាគបីនៃគ្រាប់កាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ -- កងទ័ពអ៊ីស្រាអែលបានអះអាងកាលពីថ្ងៃចន្ទថា ខ្លួនបានបំផ្លាញមួយភាគបីនៃគ្រាប់កាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ និងគ្រាប់មីស៊ីលផ្លោងចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក។
អ្នកនាំពាក្យយោធា លោក អាវីឆាយ អាដ្រាអ៊ី (Avichay Adraee)បាននិយាយនៅលើគណនីបណ្តាញសង្គមអ៊ិច (X) របស់លោកថា«ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការមក គ្រាប់កាំជ្រួចមីស៊ីលជាង ១២០គ្រាប់ត្រូវបានបំផ្លាញ ដែលស្មើនឹងមួយភាគបីនៃគ្រាប់មីស៊ីលទាំងអស់របស់អ៊ីរ៉ង់»។
លោកបាននិយាយបន្ថែមថា កាលពីយប់ម្សិលមិញ យន្តហោះចម្បាំងអ៊ីស្រាអែលប្រហែល ៥០គ្រឿងបានកំណត់គោលដៅទៅលើកន្លែងផ្ទុកគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់នៅទីក្រុងអ៊ីសហ្វាហាន់នៅភាគកណ្តាលប្រទេសអ៊ីរ៉ង់។
ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុននៅពេលដែលអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសទៅលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងកន្លែងយោធា និងនុយក្លេអ៊ែរ ដែលជំរុញឱ្យទីក្រុងតេអេរ៉ង់ចាប់ផ្តើមការវាយប្រហារវិញដើម្បីសងសឹក។
អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា មនុស្សយ៉ាងតិច ២៤នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ចាប់តាំងពីថ្ងៃសុក្រមក។
ចំណែកអ៊ីរ៉ង់វិញ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២២៤នាក់ត្រូវបានសម្លាប់ និងជាង ១.០០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារបស់អ៊ីស្រាអែល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





