ប្រមុខ IAEA ព្រមានថា ភាពតានតឹងផ្នែកយោធារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ជាការបង្កើនហានិភ័យនៃការលេចធ្លាយសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ -- ភាពតានតឹងផ្នែកយោធារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ជាការបង្កើនហានិភ័យនៃការលេចធ្លាយសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរ និងការពន្យារពេលកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការកាន់កាប់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការព្រមានរបស់ប្រមុខទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) កាលពីថ្ងៃចន្ទ។
ថ្លែងសេចក្តីថ្លែងការណ៍ណែនាំមួយនៅឯកិច្ចប្រជុំបន្ទាន់របស់ទីភ្នាក់ងារនេះ ស្តីពីជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ លោក ម៉ារីអាណូ ហ្រ្គោសស៊ី (Mariano Grossi) បានជូនដំណឹងដល់ក្រុមប្រឹក្សាអភិបាលថា «មិនមានការខូចខាតបន្ថែមទេនៅទីតាំងរោងចក្រចម្រាញ់ប្រេង Natanz ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រសប្តាហ៍មុន»។
លោកបាននិយាយថា កម្រិតនៃសារធាតុវិទ្យុសកម្មនៅក្រៅទីតាំងរោងចក្រ Natanz នៅតែមិនមានការប្រែប្រួលទេ ហើយស្ថិតក្នុងកម្រិតធម្មតា។
លោក ហ្រ្គោសស៊ី បានបញ្ជាក់ពីការបំពុលដោយសារធាតុវិទ្យុសកម្មនិងគីមីនៅក្នុងរោងចក្រ Natanz។
ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនេះអាចត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជាមួយនឹងវិធានការការពារសមស្របមួយចំនួន។
លោកបាននិយាយបន្ថែមថា «មិនមានការខូចខាតណាមួយត្រូវបានគេឃើញនៅទីតាំងនៃរោងចក្រ Fordow Fuel Enrichment Plant ឬនៅម៉ាស៊ីនប្រតិកម្មទឹកធុនធ្ងន់ Khondab ដែលកំពុងសាងសង់នោះទេ។រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr មិនត្រូវបានកំណត់គោលដៅ ឬរងផលប៉ះពាល់ដោយការវាយប្រហារកាលពីពេលថ្មីៗនេះទេ។ នៅរោងចក្រនុយក្លេអ៊ែរ Esfahan អគារចំនួន៤ ត្រូវបានរងការខូចខាតក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





