លោកប្រធានាធិបតី អឺដូហ្គែន៖ តួកគីត្រៀមខ្លួនរួចជាស្រេចដើម្បីជួយបន្ថយជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក ម៉ាសាអ៊ូដ ប៉េហ្សេស្គីអាន់ (Masoud Pezeshkian) កាលពីថ្ងៃចន្ទ ដោយពិភាក្សាអំពីការកើនឡើងនៃភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ដូចជាបញ្ហាក្នុងតំបន់ និងពិភពលោក។
ក្នុងអំឡុងពេលការសន្ទនានោះ លោក អឺដូហ្គែន បាននិយាយថា តួកគីបានត្រៀមខ្លួនរួចជាស្រេចក្នុងការដើរតួនាទីសម្របសម្រួលដើម្បីជួយបន្ថយជម្លោះ និងគាំទ្រការវិលត្រឡប់ទៅរកកិច្ចចរចានុយក្លេអ៊ែរវិញ។ នេះបើយោងតាមអគ្គនាយកដ្ឋានទំនាក់ទំនងរបស់តួកគី។
មេដឹកនាំតួកគីបានកត់សម្គាល់ថា លោកបានទាក់ទងជាមួយមេដឹកនាំផ្សេងៗទៀតចំពេលដែលជម្លោះដែលកំពុងតែបន្ត។
ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសទៅលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងកន្លែងយោធា និងនុយក្លេអ៊ែរ ដែលជំរុញឱ្យទីក្រុងតេអេរ៉ង់ចាប់ផ្តើមការវាយប្រហារដើម្បីសងសឹកវិញ។
អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៤នាក់បានស្លាប់ និងរាប់រយនាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក។
ចំណែកអ៊ីរ៉ង់វិញបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២២៤នាក់ត្រូវបានសម្លាប់ និងជាង ១.០០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយលុករបស់អ៊ីស្រាអែល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





