អាស៊ានពន្លឿនកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមុនពេលកាលកំណត់នៃការផ្អាកអនុវត្តពន្ធគយ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ -- ជាមួយនឹងការផ្អាករយៈពេល៩០ថ្ងៃរបស់សហរដ្ឋអាមេរិកទៅលើការអនុវត្តពន្ធគយដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ អាស៊ានកំពុងបង្កើនកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈដែលកំពុងស្វែងរកការសម្របសម្រួលគោលជំហរឯកភាពនៅក្នុងប្លុកដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
យោងតាមមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែពឹងផ្អែកខ្លាំងទៅលើការនាំចូលពីតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងទំហំពាណិជ្ជកម្មសរុបដែលមានតម្លៃ ៣៥៨,៥៦ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤។ តួលេខនេះស្មើនឹង ១០,៦៧% នៃការនាំចូលសរុបរបស់សហរដ្ឋអាមេរិកដែលមានចំនួន ៣,៣៦ពាន់ពាន់លានដុល្លារអាម៉េរិក ហើយតំណាងឱ្យការកើនឡើង ១៣,៣% ពីឆ្នាំ២០២៣។
បច្ចុប្បន្ន អាស៊ានជាតំបន់នាំចេញធំទីបួនទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីសហភាពអឺរ៉ុប ម៉ិកស៊ិកូ ចិន និងកាណាដា។
ក្នុងចំណោមប្រទេសសមាជិកអាស៊ាន វៀតណាមបាននាំមុខគេក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំមុនដែលមានតម្លៃរហូតដល់១៤២,៤៨ពាន់លានដុល្លារអាម៉េរិក ហើយតាមពីក្រោយដោយប្រទេសថៃ(៦៦,០១ពាន់លានដុល្លារអាម៉េរិក) និងម៉ាឡេស៊ី (៥៣,៨៥ពាន់លានដុល្លារអាម៉េរិក)។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានកត់សម្គាល់ថា ការនាំចេញទៅកាន់សហរដ្ឋអាមេរិកមានប្រហែល ១៣% នៃតម្លៃនាំចេញសរុបរបស់ប្រទេសលោក។
ការនាំចេញសំខាន់ៗរបស់អាស៊ានទៅកាន់សហរដ្ឋអាមេរិក រួមមានម៉ាស៊ីន និងឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីនឧស្សាហកម្ម និងឧបករណ៍មេកានិច។ វៀតណាមបាននាំមុខគេក្នុងតំបន់ក្នុងការនាំចេញគ្រឿងចក្រ និងឧបករណ៍អគ្គិសនី (៤២,៥៧ពាន់លានដុល្លារអាម៉េរិក) ដែលតាមពីក្រោយដោយម៉ាឡេស៊ី (២៨,៤៣ពាន់លានដុល្លារអាម៉េរិក)។ ប្រទេសថៃ គឺជាប្រទេសនាំចេញគ្រឿងបន្លាស់រថយន្តដ៏ធំបំផុតក្នុងតំបន់ទៅកាន់សហរដ្ឋអាមេរិក (២,៥៩ពាន់លានដុល្លារអាម៉េរិក) ប្រទេសម៉ាឡេស៊ីនាំមុខគេក្នុងការនាំចេញគ្រឿងបន្លាស់យន្តហោះ (៤៥០លានដុល្លារអាម៉េរិក) សិង្ហបុរីនាំមុខគេទៅលើការនាំចេញផ្នែកឱសថ ខណៈដែលកម្ពុជាជាប្រទេសចម្បងដែលបាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ។
ខណៈដែលកំពុងប្រឈមមុខនឹងរលកនៃការកើនឡើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិក អាស៊ានបានអនុម័តយុទ្ធសាស្ត្រ «កូនកាត់» ដែលរក្សាការឯកភាពផ្ទៃក្នុង ខណៈដែលអនុញ្ញាតឱ្យរដ្ឋជាសមាជិកនីមួយៗមានភាពបត់បែនក្នុងការចរចាទ្វេភាគីជាមួយសហរដ្ឋអាមេរិកដើម្បីការពារផលប្រយោជន៍ជាតិ។
យោងតាមការប្រកាសពន្ធរបស់សហរដ្ឋអាមេរិកពីមុន បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងអត្រាពន្ធខ្ពស់បំផុតមួយចំនួន ដូចជា កម្ពុជា (៤៩%) ឡាវ (៤៨%) វៀតណាម (៤៦%) មីយ៉ាន់ម៉ា (៤៤%) ថៃ (៣៦%) និងឥណ្ឌូណេស៊ី (៣២%) ។ ទន្ទឹមនឹងនេះដែរ ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីន និងសិង្ហបុរី ប្រឈមនឹងអត្រាពន្ធទាបជាងបណ្តាប្រទេសខាងលើ ចាប់ពី ១០% ទៅ ២៤% ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





