ឥណ្ឌូណេស៊ីនឹងបញ្ជូនជំនួយអង្ករ ១០.០០០តោនទៅប៉ាឡេស្ទីន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងសម្របសម្រួលទទួលបន្ទុកកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី លោក ហ្ស៊ុលគីហ្លី ហាសាន់ (Zulkifli Hasan) បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបញ្ជូនអង្ករចំនួន ១០.០០០តោនទៅកាន់ប្រជាជនប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃបេសកកម្មជំនួយមនុស្សធម៌។
លោក ហ្ស៊ុលគីហ្លី បាននិយាយថា អង្ករនេះនឹងមានប្រភពពីទុនបម្រុងជាតិរបស់រដ្ឋាភិបាល និងដឹកជញ្ជូនដោយកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី(TNI) ដោយផ្ទាល់ទៅកាន់ប៉ាឡេស្ទីន ឬតាមរយៈហ្ស៊កដានី អាស្រ័យទៅលើលទ្ធភាពនៃការដឹកជញ្ជូន។
ប្រធានអាជ្ញាធរស្បៀងអាហារជាតិ (Bapanas) លោក អារីហ្វ ប្រាសេតទីយ៉ូ អាឌី (Arief Prasetyo Adi) បាននិយាយថា ទីភ្នាក់ងារភស្តុភាររដ្ឋ (Bulog) ត្រូវទទួលខុសត្រូវចំពោះការរៀបចំសម្រាប់ការដឹកជញ្ជូននេះ។ថវិកាសម្រាប់ជំនួយនេះ គឺបានមកពីមូលនិធិជំនួយឥណ្ឌូណេស៊ី ក្រោមក្រសួងហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អេនឌី អាំរ៉ាន់ ស៊ូឡៃម៉ាន់ (Andi Amran Sulaiman) បាននិយាយថា ផែនការផ្តល់ជំនួយអង្ករសម្រាប់ប៉ាឡេស្ទីននេះត្រូវបានគាំទ្រមួយផ្នែកដោយភាពជោគជ័យរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការធានាបាននូវអង្ករបម្រុងជាង ៤លានតោន ដែលជាចំនួនខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេល ៥៧ឆ្នាំកន្លងមក។ជាមួយនឹងទុនបម្រុងអង្ករដ៏ច្រើននេះ រដ្ឋាភិបាលមានការផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក និងផ្តល់ជំនួយនៅបរទេស។
រដ្ឋាភិបាលឥណ្ឌូណេស៊ីធ្លាប់បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនក្នុងការនាំចេញអង្ករទៅកាន់ប្រទេសម៉ាឡេស៊ី ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាទៅលើឱកាសសហប្រតិបត្តិការស្រដៀងគ្នានេះជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





