ឥណ្ឌូណេស៊ីចាត់តាំងរដ្ឋាភិបាលក្នុងតំបន់ដើម្បីតាមដានការបំពុលខ្យល់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសង្កត់ធ្ងន់ទៅលើទំនួលខុសត្រូវនៅគ្រប់កម្រិត រាប់ចាប់តាំងពីថ្នាក់មជ្ឈឹមដល់ថ្នាក់រដ្ឋបាលមូលដ្ឋានសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយប្រភពនៃការបំពុលខ្យល់។
ទិន្នន័យពីក្រសួងបរិស្ថានរបស់ប្រទេសឥណ្ឌូណេស៊ីបានបង្ហាញថា គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនចំនួន១១ នៅក្នុងប្រទេសត្រូវបានផ្អាកដោយសារបង្កការបំពុលបរិយាកាស។ ក្រសួងបានផ្តួចផ្តើមសកម្មភាពប្រឆាំងនឹងក្រុមហ៊ុនចំនួន១១៦ នៅក្នុងតំបន់ហ្សាកាតាទាំងមូលសម្រាប់ការរួមចំណែកដល់ការបំពុលខ្យល់ក្នុងអំឡុងឆ្នាំ២០២៣-២០២៥ ដោយក្រសួងបានបន្ថែមថា បច្ចុប្បន្ននេះ ខ្លួនកំពុងរៀបចំផែនទីបង្ហាញផ្លូវជាតិសម្រាប់ត្រួតពិនិត្យតំបន់ឧស្សាហកម្មដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការបំពុលបរិយាកាស។
ប្រធានផ្នែកការពារ និងគ្រប់គ្រងគុណភាពខ្យល់របស់ក្រសួង លោកអេដវ៉ាដ នីសុន ប៉ាកប៉ាហាន់ (Edward Nixon Pakpahan) បានកត់សម្គាល់កាលពីពេលថ្មីៗនេះថា ការបំពុលខ្យល់នៅតំបន់ហ្សាកាតាទាំងមូលបានក្លាយជាបញ្ហាដែលកើតឡើងដដែលៗ ដូច្នេះហើយវាទាមទារឱ្យមានការចាត់វិធានការកាន់តែខ្លាំងឡើង ដែលមិនត្រឹមតែពីក្រសួងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែមានវិធានការពីរដ្ឋាភិបាលក្នុងតំបន់ផងដែរ។ លោកបានសង្កត់ធ្ងន់ថា យើងត្រូវបង្កើនការតាមដាន និងត្រួតពិនិត្យនៅតាមតំបន់រៀងៗខ្លួន។
ការបំពុលខ្យល់នៅក្នុងតំបន់ហ្សាកាតាទាំងមូលកើតឡើងជាចម្បងនៅក្នុងតំបន់ឧស្សាហកម្មជាមួយនឹងការបំភាយឧស្ម័នឧស្សាហកម្មជាពិសេសក្រុមហ៊ុនដែលប្រើប្រាស់ធ្យូងថ្ម ដែលមានចំនួន ១៤% នៃការបំពុលខ្យល់នៅក្នុងតំបន់។ ការដុតដោយខុសច្បាប់ និងការឈូសឆាយដីកសិកម្មក៏ជាកត្តាបង្កការបំពុលបរិយកាសនៅក្នុងរដូវប្រាំងផងដែរ។
លោក ប៉ាកប៉ាហាន់ ក៏បានធានាផងដែរថា ក្រសួងនឹងផ្តល់ការគាំទ្ររួមទាំងការត្រួតពិនិត្យតំបន់ឧស្សាហកម្ម និងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលបំពានបទប្បញ្ញត្តិបរិស្ថាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





