អាស៊ានត្រៀមខ្លួនរួចជាស្រេចសម្រាប់តួនាទីកាន់តែខ្លាំងក្នុងសេដ្ឋកិច្ចពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ -- ក្រុមអ្នកជំនាញបាននិយាយថាអាស៊ានអាចក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីបួនរបស់ពិភពលោកក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ ប៉ុន្តែតំបន់នេះត្រូវតែពន្លឿនការធ្វើសមាហរណកម្ម ពង្រឹងស្ថាប័ន និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរជាសកល ដើម្បីសម្រេចបាននូវសក្តានុពលមួយនេះ។
លោក ម៉ូដ មូនៀ អាប់ឌុល ម៉ាជីដ (Mohd Munir Abdul Majid)ប្រធានក្រុមហ៊ុនស្រាវជ្រាវ និងតស៊ូមតិការីអាស៊ាន (CARI ASEAN Research and Advocacy) បាននិយាយថា អាស៊ានដែលមានទំហំសេដ្ឋកិច្ច ៣,៨ពាន់ពាន់លានដុល្លារអាម៉េរិកនេះអាចក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ នៅក្នុងពិភពលោក ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសេវាកម្មដែលនឹងជំរុញកំណើននាពេលអនាគត។
លោកបានកត់សម្គាល់ថា អាស៊ានបានរីកចម្រើនដោយផ្អែកលើការឯកភាពគ្នាក្នុងការធ្វើសមាហរណកម្មស៊ីជម្រៅ និងពាណិជ្ជកម្មសេរី។
តំបន់ពាណិជ្ជកម្មសេរីអាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ បន្ទាប់ពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។ ទិសដៅថ្មីៗបំផុតសម្រាប់សមាហរណកម្មនេះត្រូវបានផ្តល់ជូននៅក្នុងសេចក្តីប្រកាសទីក្រុងគូឡាឡាំពួ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួកាលពីក្នុងខែឧសភា។
លោក ម៉ូដ អាហ្វហ្សានីហ្សាំ អាប់ឌុល រ៉ាស៊ីដ (Mohd Afzanizam Abdul Rashid) ប្រធានសេដ្ឋវិទូនៃធនាគារមូអាម៉ាឡាត ម៉ាឡេស៊ី បឺរហាដ(Muamalat Malaysia Berhad) បាននិយាយថា ពាណិជ្ជកម្មអេឡិចត្រូនិកអាចជាកត្តាដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ ហើយអាស៊ានត្រូវការបន្តការវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំមួយ។ លោកបានបន្តថា ប្រព័ន្ធទូទាត់ប្រាក់ដូចជាបណ្តាញកូដ QR ក៏នឹងមានសារៈសំខាន់ក្នុងការគាំទ្រដល់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងការពង្រីកទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
លោក ម៉ូដ អាហ្វហ្សានីហ្សាំ បាននិយាយថា លើសពីនេះទៀតអាស៊ានគឺជាតំបន់សន្តិភាព ដែលធ្វើឱ្យវាក្លាយជាទីតាំងអំណោយផលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស និងការបណ្តាក់ទុនអាជីវកម្មដែលអាចមកពីជុំវិញពិភពលោក ដោយលោកបានបញ្ជាក់ដោយលើកឡើងពីគំនិតផ្តួចផ្តើមមួយចំនួន ដូចជាតំបន់សេដ្ឋកិច្ចពិសេសចូហូរ-សិង្ហបុរី ដែលជាភស្តុតាងនៃការពង្រឹងទំនាក់ទំនងក្នុងតំបន់ជាដើម។
លោកស្រី លី យូគីង (Li Yuqing) ជំនួយការសាស្រ្តាចារ្យនៅវិទ្យាស្ថានសម្រាប់ការសិក្សាអន្តរជាតិ និងតំបន់ នៃសាកលវិទ្យាល័យTsinghua របស់ប្រទេសចិនបាននិយាយថា ការធ្វើបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានទៅលើមុខទំនិញ បានលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់ និងធ្វើឱ្យសមាហរណកម្មកាន់តែស៊ីជម្រៅ ដែលគាំទ្រដល់គោលដៅរបស់ខ្លួនក្នុងការក្លាយជាមហាអំណាចសេដ្ឋកិច្ចទីបួនរបស់ពិភពលោក។
លោកស្រីក៏បានកត់សម្គាល់ផងដែរថា សមាហរណកម្មធ្វើឱ្យបរិយាកាសវិនិយោគរបស់អាស៊ានកាន់តែមានស្ថិរភាព និងតម្លាភាព ដែលផ្តល់លទ្ធភាពឱ្យអាជីវកម្មអាចចូលទៅកាន់ទីផ្សារអាស៊ានបានកាន់តែប្រសើរនិងសម្រេចបាននូវការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព។
លោក អូ អ៊ីស៊ុន (Oh Ei Sun) ប្រធានទីប្រឹក្សានៅមជ្ឈមណ្ឌលស្រាវជ្រាវប៉ាស៊ីហ្វិកនៃប្រទេសម៉ាឡេស៊ី បាននិយាយថា អាស៊ានគួរតែផ្តល់អាទិភាពដល់វិស័យបច្ចេកវិទ្យាខ្ពស់ ដែលផ្តល់នូវសក្តានុពលកាន់តែច្រើន។ទោះជាយ៉ាងណា លោកក៏បានជំរុញឱ្យប្លុកនេះដោះស្រាយវិសមភាពនៃការអភិវឌ្ឍផ្ទៃក្នុង។
លោកបានបន្ថែមថា អាស៊ានគួរតែផ្តោតសំខាន់ទៅលើការលុបបំបាត់ភាពក្រីក្រក្នុងចំណោមប្រទេសជាសមាជិកខ្លួនសម្រាប់ប្រទេសសមាជិកដែលមានការអភិវឌ្ឍតិចតួច និងការគេចចេញពីអន្ទាក់ដែលមានប្រាក់ចំណូលមធ្យមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
លោកក៏បានស្នើថា បណ្តាប្រទេសនៅអាស៊ានអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងពន្លឿនវឌ្ឍនភាពនៅក្នុងសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរបៃតង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





