ឥណ្ឌូណេស៊ី និងនូវែលសេឡង់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ស៊ូជីអូណូ (Sugiono) និងសមភាគីនូវែលសេឡង់ លោក វីនស្តុន ភែតទ័រស៍ (Winston Peters) បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១២របស់គណៈកម្មការរដ្ឋមន្ត្រីរួមឥណ្ឌូណេស៊ី-នូវែលសេឡង់ (JMC) នៅទីក្រុងហ្សាកាតាកាលពីសប្តាហ៍មុន ដែលជាការកត់សម្គាល់នូវជំហានដ៏សំខាន់មួយដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងសម្រេចឱ្យបាននូវគោលដៅដែលបានចែងក្នុងផែនការសកម្មភាពឆ្នាំ២០២៥-២០២៩។
រដ្ឋមន្រ្តីការបរទេសទាំងពីរបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពនៅក្នុងកិច្ចប្រជុំនោះ។
លោក ស៊ូជីអូណូ បានសម្តែងការពេញចិត្តចំពោះការគាំទ្ររបស់រដ្ឋាភិបាលនូវែលសេឡង់សម្រាប់កម្មវិធីអាហាររូបត្ថម្ភដោយឥតគិតថ្លៃ ដែលផ្តួចផ្តើមដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ(Prabowo Subianto)។
កិច្ចប្រជុំ JMC លើកទី១២ នោះ ផ្តោតសំខាន់ទៅលើការវាយតម្លៃឆ្នាំដំបូងនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥-២០២៩ ដែលបានព្រមព្រៀងនៅឯកិច្ចប្រជុំ JMC លើកទី១១ នៅទីក្រុងអកលែនដ៍របស់ប្រទេសនូវែលសេឡង់ ក៏ដូចជាកិច្ចពិភាក្សាអំពីកម្មវិធីសហប្រតិបត្តិការនាពេលអនាគត។
កិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌូណេស៊ី និងនូវែលសេឡង់គ្របដណ្តប់ទៅលើវិស័យជាច្រើន ដែលរួមមានទាំងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងការអប់រំជាដើម។
នៅក្នុងវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាជំរុញពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាពបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យបានចំនួន ៦ប៊ីលានដុល្លារនូវែលសេឡង់(៣,៦២ប៊ីលានដុល្លារអាម៉េរិក) នៅត្រឹមឆ្នាំ២០២៩។
នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងសហគមន៍ភាគីទាំងពីរផងដែរ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលរំពឹងថានឹងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសឥណ្ឌូណេស៊ីជាពិសេសយុវជនជំនាន់ក្រោយ។
កិច្ចសហប្រតិបត្តិការលើវិស័យកីឡាក៏ត្រូវបានពិភាក្សាគ្នាផងដែរនៅក្នុងកិច្ចប្រជុំនោះ ដែលរួមមានទាំងការអភិវឌ្ឍសមត្ថភាពអត្តពលិកផងដែរ។
ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកីឡា ឥណ្ឌូណេស៊ី និងនូវែលសេឡង់ក៏បានព្រមព្រៀងគ្នាទៅលើការរៀបចំការទទួលស្គាល់គ្នាទៅវិញទៅមក (MRA) សម្រាប់ស្តង់ដារហាឡាល់ផងដែរ ដែលវានឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មហាឡាល់ និងបំពេញតម្រូវការអ្នកប្រើប្រាស់នៅក្នុងប្រទេសទាំងពីរ។
លោក ស៊ូជីអូណូ និងលោក ភែតទ័រស៍ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ប៉ាស៊ីហ្វិកដែរ រួមទាំងតាមរយៈវេទិកាមួយចំនួនក្នុងតំបន់ ដូចជាវេទិកា Melanesian Spearhead Group (MSG) និងវេទិកាកោះប៉ាស៊ីហ្វិក (PIF) ជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





