លោក លី និងនាយករដ្ឋមន្ត្រីអូស្ត្រាលីយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ អាវុធ និងរ៉ែសំខាន់ៗ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោក លី ចេយ៉ុង (Lee Jae-myung) បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បាណេស (Anthony Albanese) កាលពីថ្ងៃព្រហស្បតិ៍ ហើយភាគីទាំងពីរបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ អាវុធ និងរ៉ែសំខាន់ៗ។
លោកស្រី កាង យូជុង (Kang Yu-jung) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្នុងអំឡុងពេលនៃការសន្ទនាទូរស័ព្ទរយៈពេល ១៥នាទីដែលជាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក លី ឡើងកាន់តំណែងកាលពីសប្តាហ៍មុន លោក លី បានកត់សម្គាល់ថា ប្រទេសទាំងពីរបានធ្វើការរួមគ្នាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីនាំមកនូវស្ថិរភាព និងវិបុលភាពដល់សហគមន៍អន្តរជាតិ។
លោកស្រីបាននិយាយថា មេដឹកនាំទាំងពីរបានកត់សម្គាល់ជាពិសេសអំពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្តនៅក្នុងវិស័យការពារជាតិ អាវុធ ថាមពលស្អាត និងវិស័យរ៉ែសំខាន់ៗ ហើយបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។
មេដឹកនាំទាំងពីរក៏បានយល់ព្រមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសម្រាប់វឌ្ឍនភាពជាក់ស្តែងលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ខណៈពេលដែលកំពុងធ្វើការរួមគ្នាសម្រាប់កិច្ចប្រជុំកំពូលប្រកបដោយជោគជ័យនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងយ៉ុងជូ របស់ប្រទេសកូរ៉េខាងត្បូងនៅចុងឆ្នាំនេះ។
លោកស្រី កាង បានបន្ថែមថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងជំនួបផ្ទាល់នាពេលខាងមុខ ដើម្បីពិភាក្សាលើវិស័យជាក់លាក់នៃកិច្ចសហប្រតិបត្តិការដែលនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





