ទុយនីស៊ី និងអ៊ីតាលីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការពារជាតិទុយនីស៊ី លោក ខាលេដ សេហ៊ីលី (Khaled Sehili) បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ីតាលី លើវិស័យនានា រួមទាំងការហ្វឹកហ្វឺនយោធា សមយុទ្ធរួម សេវាវេជ្ជសាស្រ្ត ធារាសាស្ត្រ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍។
វិទ្យុជាតិទុយនីស៊ីបានរាយការណ៍ថា ក្នុងកិច្ចប្រជុំជាមួយប្រធានសេនាធិការនៃកងទ័ពអ៊ីតាលី លោក ខាមីន ម៉ាស៊េលឡូ (Carmine Masiello) ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសទុយនេស៊ី លោក សេហ៊ីលី បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពដែលចាក់ឫសយ៉ាងជ្រៅ និងរីកចម្រើនរវាងប្រទេសទុយនីស៊ី និងអ៊ីតាលី ដោយបង្ហាញពីចក្ខុវិស័យរួមគ្នារបស់ពួកគេសម្រាប់សន្តិភាពក្នុងតំបន់ និងការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈមរួម។
ក្នុងជំនួបនេះ មន្ត្រីទាំងពីរបានពិភាក្សាអំពីវិធីពង្រឹង និងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធទុយនីស៊ី និងអ៊ីតាលី។ ខណៈពេលដែលសរសើរពីប្រទេសអ៊ីតាលីចំពោះការគាំទ្ររបស់ខ្លួនសម្រាប់គម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់វាលខ្សាច់របស់ប្រទេសទុយនីស៊ី លោក សេហ៊ីលី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តកម្មវិធីសហប្រតិបត្តិការទ្វេភាគី។
លោក ម៉ាស៊េលឡូ បានសរសើរកិច្ចសហប្រតិបត្តិការយោធាកម្រិតកំពូលរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសអ៊ីតាលីក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោកបានសង្កត់ធ្ងន់ថា ការបន្តកិច្ចសហប្រតិបត្តិការនឹងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរ និងបម្រើផលប្រយោជន៍រួមរបស់ប្រជាជនទុយនីស៊ី និងអ៊ីតាលី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





