ចិន និងអេស្បាញប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ពហុភាគីនិយម និងពាណិជ្ជកម្មសេរី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ -- អនុប្រធានាធិបតីចិន លោក ហាន់ ហ្សេង (Han Zheng) បានជួបជាមួយព្រះមហាក្សត្រអេស្ប៉ាញ ព្រះអង្គម្ចាស់ ហ្វេលីពទី៦ (Felipe VI) កាលពីថ្ងៃព្រហស្បតិ៍ ដោយភាគីទាំងពីរបានសន្យាថានឹងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ពហុភាគីនិយម និងពាណិជ្ជកម្មសេរី។
ថ្លែងសារស្វាគមន៍របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ទៅកាន់ព្រះមហាក្សត្រ លោក ហាន់ បាននិយាយថា ប្រទេសចិនកោតសរសើរចំពោះការគាំទ្រដ៏យូរអង្វែងរបស់គ្រួសាររាជវង្សអេស្ប៉ាញសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អេស្ប៉ាញ។
លោក ហាន់ បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសអេស្ប៉ាញក្នុងវិស័យដូចជាថាមពលថ្មី ផលិតផលកសិកម្ម និងអាហារ យានជំនិះអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល និងបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៅក្នុងវិស័យវប្បធម៌ និងអប់រំ។
លោក ហាន់ បាននិយាយថា ប្រទេសចិន និងអេស្ប៉ាញចែករំលែកទស្សនៈ និងគំនិតស្រដៀងគ្នាលើបញ្ហាអន្តរជាតិសំខាន់ៗជាច្រើន ហើយជាកម្លាំងវិជ្ជមានដ៏សំខាន់ក្នុងការការពារពហុភាគីនិយម ប្រកាន់ខ្ជាប់នូវច្បាប់ និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មសេរី លើកកម្ពស់ដោយបើកចំហ និងកិច្ចសហប្រតិបត្តិការ និងការកែលម្អអភិបាលកិច្ចពិភពលោក។
ដោយរំលឹកដល់ដំណើរទស្សនកិច្ចដ៏រីករាយរបស់ព្រះអង្គនៅប្រទេសចិន ព្រះមហាក្សត្របានមានបន្ទូលថា ប្រទេសទាំងពីរបានអនុវត្តន៍ការផ្លាស់ប្តូរកម្រិតកំពូលជាញឹកញាប់ចាប់តាំងពីដើមឆ្នាំនេះ ដោយមានការជឿទុកចិត្តគ្នាខាងផ្នែកនយោបាយយ៉ាងស៊ីជម្រៅជាបន្តបន្ទាប់ និងលទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង ហើយទំនាក់ទំនងទ្វេភាគីបានបង្ហាញពីសន្ទុះនៃការអភិវឌ្ឍវិជ្ជមាន។
ព្រះអង្គមានបន្ទូលថា ប្រទេសអេស្បាញកោតសរសើរចំពោះសមិទ្ធិផលរបស់ប្រទេសចិនក្នុងថាមពលថ្មី ផ្លូវរថភ្លើងល្បឿនលឿន និងវិស័យផ្សេងៗទៀត ដោយព្រះអង្គបានបន្ថែមថា ប្រទេសអេស្បាញត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនបន្ថែមទៀតដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។
ព្រះអង្គបានបន្ដថា ប្រទេសអេស្បាញគាំទ្រពហុភាគីនិយម និងពាណិជ្ជកម្មសេរី មានឆន្ទៈក្នុងការបង្កើនទំនាក់ទំនង និងការសម្របសម្រួលជាមួយប្រទេសចិននៅក្នុងស្ថាប័នពហុភាគី រួមគ្នាការពារសណ្តាប់ធ្នាប់ និងច្បាប់ពាណិជ្ជកម្មពហុភាគីអន្តរជាតិ និងជំរុញការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





