មន្ត្រីអាម៉េរិកត្រូវបានជូនដំណឹងពីអ៊ីស្រាអែលដែលត្រៀមបើកប្រតិបត្តិការចូលក្នុងប្រទេសអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- សារព័ត៌មាន CBS News បានរាយការណ៍ដោយដកស្រង់ពីប្រភពជាច្រើនដែលបាននិយាយថា មន្ត្រីអាម៉េរិកត្រូវបានគេជូនដំណឹងថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចរាល់ហើយដើម្បីបើកប្រតិបត្តិការចូលទៅក្នុងប្រទេសអ៊ីរ៉ង់។
សារព័ត៌មាននេះបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា «សហរដ្ឋអាមេរិករំពឹងថាអ៊ីរ៉ង់អាចសងសឹកទៅលើផ្នែកខ្លះរបស់អាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលនៅជិតខាង។ នេះជាផ្នែកមួយនៃហេតុផលដែលសហរដ្ឋអាមេរិកបានណែនាំដល់ប្រជាពលរដ្ឋអាម៉េរិកមួយចំនួនឱ្យចាកចេញពីតំបន់ទាំងនោះ»។
ប្រេសិតពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) នៅតែគ្រោងជួបជាមួយសមភាគីអ៊ីរ៉ង់សម្រាប់កិច្ចចរចាជុំទី៦ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយ។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថា អ៊ីស្រាអែលកំពុងរៀបចំការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ បើទោះបីជាមានការចរចាជាបន្តបន្ទាប់ទៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ក៏ដោយ។ សារព័ត៌មាន Axios បានរាយការណ៍នៅពេលមុននេះដោយដកស្រង់ពីប្រភពរបស់ខ្លួនថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់ទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបដិសេធពីសកម្មភាពដែលអាចរារាំងដល់ដំណើរការនៃកិច្ចចរចា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





