វិស័យលំនៅដ្ឋាននៅក្នុងរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីទាក់ទាញអ្នកវិនិយោគបរទេស
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- ការអភិវឌ្ឍនៃរដ្ឋធានីនូសាន់តារ៉ា (IKN) ថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី កំពុងបន្តទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនអន្តរជាតិ ជាមួយនឹងការវិនិយោគភាពជាដៃគូសាធារណៈ និងឯកជន (PPP) ដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ន ជាពិសេសក្នុងវិស័យលំនៅដ្ឋាន ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំរបស់ពួកគេចំពោះចក្ខុវិស័យនៃការប្រែក្លាយរដ្ឋធានី IKN ឱ្យទៅជាមជ្ឈមណ្ឌលថ្មីនៃវឌ្ឍនភាពជាតិ និងទំនើបកម្ម។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅឋានសាធារណៈ និងជាប្រធានអាជ្ញាធររដ្ឋធានី IKN លោក បាស៊ុគី ហាឌីមុលចូណូ (Basuki Hadimuljono) បាននិយាយថា សកម្មភាពវិនិយោគនៅក្នុងរដ្ឋធានី IKN កាន់តែមានភាពជាក់ស្តែង។ បច្ចុប្បន្ន វិស័យលំនៅឋានគឺជាវិស័យដ៏ទាក់ទាញបំផុត ដោយអ្នកវិនិយោគជាច្រើនមកពីប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក តួកគី អេស្បាញ និងប្រ៊ុយណេ បានប្តេជ្ញាចិត្តវិនិយោគលើវិស័យនេះ។
បន្ថែមពីលើវិស័យលំនៅដ្ឋាននេះ គម្រោង PPP ក៏កំពុងរីកចម្រើននៅក្នុងវិស័យផ្លូវ និងផ្លូវរូងក្រោមដីដែលមានពហុឧបករណ៍ប្រើប្រាស់ (MUT) ផងដែរ។ វិនិយោគិនដែលមានសក្តានុពលចំនួន៥ មកពីប្រទេសចិន ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បច្ចុប្បន្នកំពុងធ្វើសេចក្តីព្រាងការសិក្សាអំពីលទ្ធភាពរបស់ពួកគេ និងរៀបចំសម្រាប់ការវាយតម្លៃឯកសារ។ តម្លៃវិនិយោគសរុបដែលចង្អុលបង្ហាញត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧១,៨ពាន់ពាន់លានរូពៀ (៤,៤ពាន់លានដុល្លារអាម៉េរិក) ដោយនៅក្នុងនោះ ថវិកាវិនិយោគចំនួន ៥៥ពាន់ពាន់លានរូពៀបានមកពីប្រភពបរទេស។
អាជ្ញាធររដ្ឋធានី IKN បានសង្កត់ធ្ងន់ថា គម្រោង PPP បានក្លាយជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ននៅក្នុងទីក្រុងរដ្ឋធានីនូសាន់តារ៉ា ដែលឥឡូវនេះកាន់តែបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីវិនិយោគិនក្នុងស្រុក និងពិភពលោក បានឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃអភិបាលកិច្ច និងដំណើរការសម្របសម្រួលដែលបានអនុវត្តក្នុងរយៈពេលប៉ុន្មានត្រីមាសកន្លងមកនេះ។
លោក បាស៊ូគី ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលឥណ្ឌូណេស៊ី ប្តេជ្ញាដករបាំងឧបសគ្គផ្នែករដ្ឋបាលដែលមិនចាំបាច់ចេញ តាមរយៈការសម្របសម្រួលអន្តរភ្នាក់ងារ ដើម្បីពង្រឹងទំនុកចិត្តនៅក្នុងសហគមន៍ធុរកិច្ច៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





