អាស៊ានចុះហត្ថលេខាលើគម្រោងដែលមានតម្លៃជាង ៣,១ពាន់លានដុល្លារអាម៉េរិកជាមួយខេត្តក្វាងទុងរបស់ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- គម្រោងចំនួន៧ ដែលមានតម្លៃសរុបជាង ៣,១ពាន់លានដុល្លារអាម៉េរិក ត្រូវបានចុះហត្ថលេខានៅក្នុងសន្និសីទជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ចិន (ក្វាងទុង)-អាស៊ាន ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺគម្រោងរ៉ែនីកែល-កូបលែនរបស់ក្រុមហ៊ុនក្វាងទុងក្វាងស៊ីននៅក្នុងប្រទេសឥណ្ឌូណេស៊ីជាមួយនឹងការវិនិយោគសរុបចំនួន ២ពាន់លានដុល្លារអាម៉េរិក។ គម្រោងនេះត្រូវបានគេរំពឹងថានឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ ក្នុងគោលបំណងធានាឱ្យមានស្ថិរភាពនៃការផ្គត់ផ្គង់រ៉ែនីកែលសម្រាប់ឧស្សាហកម្មថ្មថាមពលថ្មីសកលលោក។
យោងតាមតំណាងក្រុមហ៊ុនក្វាងស៊ីន បានឱ្យដឹងថា ក្រុមហ៊ុនកំពុងលើកកម្ពស់ការរៀបចំដែកអ៊ីណុក ទម្រង់អាលុយមីញ៉ូម និងឧស្សាហកម្មផលិតសន្លឹកស្ពាន់នៅក្នុងតំបន់អាស៊ាន ដោយប្រាក់ចំណូលពីតំបន់នេះមានចំនួនជាង ៨០% នៃប្រាក់ចំណូលបរទេសសរុប។ លោកបានបន្ថែមថា វានឹងបន្តពង្រីកការវិនិយោគនៅក្នុងតំបន់អាស៊ាននាពេលអនាគត។
នៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងខេត្តក្វាងទុង មានប្រមាណ ២០% នៃទំហំពាណិជ្ជកម្មសរុបរវាងប្លុក និងប្រទេសចិន។ ភាគីទាំងពីរបានអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសំខាន់ៗលើវិស័យជាច្រើន ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ កសិកម្ម វប្បធម៌ និងទេសចរណ៍ជាដើម។
បណ្តាសហគ្រាសនៅក្នុងខេត្តក្វាងទុងបានបណ្តាក់ទុនសាងសង់រោងចក្រ និងសួនឧស្សាហកម្មសហករណ៍ក្នុងតំបន់អាស៊ាន ហើយសម្រេចបានលទ្ធផលយ៉ាងច្រើនក្នុងវិស័យថាមពលបៃតង និងសេដ្ឋកិច្ចឌីជីថល។ សហគ្រាសអាស៊ានកាន់តែច្រើនឡើងបានចាត់ទុកខេត្តក្វាងទុងជាច្រកទ្វារអាទិភាពដើម្បីចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





