តួកគីនឹងនាំចេញយន្តហោះចម្បាំង ៤៨គ្រឿងទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្រោមកិច្ចព្រមព្រៀងថ្មី
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីតួកគី លោក រេសិប តាយយីប អឺដូហ្គេន (Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីនាំចេញយន្តហោះចម្បាំងម៉ាកកេន(KAAN) ដែលផលិតក្នុងស្រុកចំនួន ៤៨គ្រឿង។
លោក អឺដូហ្គេន បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិច ជាកន្លែងដែលលោកបានចែករំលែកវីដេអូអំពីយន្តហោះនេះថា «ខ្ញុំសង្ឃឹមថាកិច្ចព្រមព្រៀងដែលបង្ហាញពីការអភិវឌ្ឍ និងចំណុចដែលសម្រេចបានដោយឧស្សាហកម្មការពារជាតិក្នុងស្រុក និងជាតិរបស់យើងនឹងមានប្រយោជន៍សម្រាប់ប្រទេសតួកគី និងឥណ្ឌូនេស៊ី»។
លោកបានបន្តថា សមត្ថភាពក្នុងស្រុករបស់ប្រទេសឥណ្ឌូនេស៊ីក៏នឹងត្រូវបានប្រើប្រាស់ក្នុងការផលិតយន្ដហោះ KAAN ផងដែរ។
លោក អឺដូហ្គេន បានសរសើរកិច្ចព្រមព្រៀងនេះថាជានិមិត្តរូបនៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសតួកគី និងឥណ្ឌូនេស៊ី ដោយសំដៅទៅលើប្រទេសឥណ្ឌូនេស៊ីថាជា «មិត្ត និងបងប្អូន»។
ឧស្សាហកម្មអាកាសចរណ៍តួកគីដែលជាក្រុមហ៊ុនការពារជាតិ និងអាកាសចរណ៍ធំមួយនៅប្រទេសតួកគីបានបង្កើត រចនា និងផលិតយន្ដហោះKAAN ដែលជាយន្តហោះចម្បាំងជាតិដំបូងគេរបស់ប្រទេសនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





