មនុស្ស ២៨នាក់ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែលនៅជិតមជ្ឈមណ្ឌលផ្តល់ជំនួយតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៨នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធដោយកងទ័ពអ៊ីស្រាអែលនៅជិតមជ្ឈមណ្ឌលចែកចាយជំនួយមួយនៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។ ទីភ្នាក់ងារ WAFA បាននិយាយថា ការវាយប្រហារនេះក៏បានធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួសផងដែរ។
យោងតាមប្រភពពីមន្ទីរពេទ្យ Al Awda បានឱ្យដឹងថា មនុស្ស ២នាក់បានស្លាប់ដោយឡែកពីគ្នាកាលពីថ្ងៃពុធនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើតំបន់ New Camp ភាគខាងជើងនៃទីក្រុងនូសេយរ៉ាត់ នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Nasser នៃទីក្រុងភាគខាងត្បូងបាននិយាយថា នៅភាគខាងត្បូង មនុស្ស ៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានវាយប្រហារលើតង់ជំរកជនភៀសខ្លួននៅភាគពាយព្យនៃទីក្រុងខាន់យូនីស។ ភាគីអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយជុំវិញឧប្បត្តិហេតុទាំងនេះទេ។
ទន្ទឹមនឹងនេះ ប្រតិបត្តិការយោធាអ៊ីស្រាអែលក្នុងតំបន់វេសប៊ែងនៅតែបន្តកើតមាន។ យោងតាម WAFA បានឱ្យដឹងថា បុរសជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់កាលពីយប់ថ្ងៃអង្គារដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងទីក្រុងតាម៉ុន ភាគខាងត្បូងនៃទីក្រុងទូបាស់ ភាគខាងជើងតំបន់វេសប៊ែង។
កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ពេញមួយយប់ កងកម្លាំងអ៊ីស្រាអែលបានធ្វើ«សកម្មភាពប្រឆាំងភេរវកម្ម» ដើម្បីចាប់ខ្លួនពួកសកម្មប្រយុទ្ធនៅទីក្រុងតាម៉ុន។
យោងតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីនចំនួន ៤.៧០១នាក់បានស្លាប់ និង ១៤.៨៧៩នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីអ៊ីស្រាអែលបានបន្តការវាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួននៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី១៨ ខែមីនា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីខែតុលា ឆ្នាំ២០២៣ កើនដល់ ៥៤,៩៨១នាក់ និងរបួសដល់ទៅ១២៦,៩២០នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





