កេនយ៉ាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលជាមួយប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ -- ប្រទេសកេនយ៉ា និងប្រទេសចិនកាលពីថ្ងៃចន្ទបានពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងវិស័យសុខាភិបាល ដោយប្រទេសចិនផ្តល់អាហារូបករណ៍ចំនួន ៥០០ និងចាប់ផ្តើមកម្មវិធីផ្លាស់ប្តូរប្រចាំឆ្នាំចំនួន ២០នាពេលអនាគត។
បន្ទាប់ពីកិច្ចប្រជុំជាមួយគណៈប្រតិភូដែលដឹកនាំដោយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកេនយ៉ា លោកស្រី ហ្គូវ ហៃយ៉ាន់ (Guo Haiyan)លេខាធិការខុទ្ទកាល័យក្រសួងសុខាភិបាល លោក អេដេន ឌូអាឡេ (Aden Duale) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចសហប្រតិបត្តិការគឺជាគន្លឹះក្នុងការបង្កើតភាពជាអ្នកដឹកនាំផ្នែកសុខភាពរបស់ប្រទេសនាពេលអនាគត។
លោក ឌូអាឡេ បានកត់សម្គាល់ថា ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីការបង្កើតកន្លែងផលិតវ៉ាក់សាំង និងឱសថក្នុងស្រុកដោយប្រើបច្ចេកវិទ្យារបស់ប្រទេសចិន។
យោងតាមលោក ឌូអាឡេ បានឱ្យដឹងថា គំនិតផ្តួចផ្តើមរួមគ្នាដែលមានតម្លៃ ៥០០លានដុល្លារអាម៉េរិកបានស្វែងរកការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសកេនយ៉ា កាត់បន្ថយការពឹងផ្អែកលើការនាំចូល បង្កើតការងារនិងកំណត់ទីតាំងប្រទេសអាហ្វ្រិកខាងកើតជាប្រទេសនាំមុខគេក្នុងការផលិតផលិតផលសុខភាព។
លោកក៏បានស្នើឱ្យមានការបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលកេនយ៉ា-ចិន ដើម្បីតាមដានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងតាមដានវឌ្ឍនភាពយ៉ាងឆាប់រហ័ស។
លោក ឌូអាឡេ បានកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិនតាមរយៈក្រុមហ៊ុនបច្ចេកវិទ្យាដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពាក់គ្រឿងបរិក្ខារសុខភាពនៅតាមជនបទ និងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលរាប់ពាន់នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





