ប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញមេដឹកនាំចិនចូលរួមកិច្ចប្រជុំ APEC នៅកូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេយុង (Lee Jae-myung) បានអញ្ជើញប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ទៅចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅចុងឆ្នាំនេះ។ នេះបើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានចេញផ្សាយកាលពីថ្ងៃអង្គារ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទផ្លូវការជាលើកដំបូង មេដឹកនាំទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ។
លោក ស៊ី គឺជាមេដឹកនាំពិភពលោកទីបី ដែលលោក លី បានសន្ទនាតាមទូរស័ព្ទជាមួយ ចាប់តាំងពីការចូលកាន់តំណែងរបស់លោកកាលពីដើមខែមិថុនានេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីកេរូ អ៊ីស៊ីបា (Shigeru Ishiba)។
ការទំនាក់ទំនងជាលើកដំបូងជាមួយមេដឹកនាំរបស់ប្រទេសចិននេះ បានគូសបញ្ជាក់អំពីភាពចាំបាច់ជាយុទ្ធសាស្ត្ររបស់ទីក្រុងសេអ៊ូលក្នុងការរក្សាទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំជាមួយទីក្រុងប៉េកាំង ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន បើទោះបីជារដ្ឋបាលថ្មីផ្តល់អាទិភាពដល់ការពង្រឹងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកសម្រាប់ផលប្រយោជន៍សន្តិសុខរួមចំពេលដែលកំពុងមានការកើនឡើងនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក៏ដោយ។
ក្នុងអំឡុងពេលនៃការសន្ទនារយៈពេល ៣០នាទីនោះ លោក ស៊ី បានអបអរសាទរលោក លី ចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក ដោយបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសចិនក្នុងការអភិវឌ្ឍបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថែមស៍)





