ឥណ្ឌូណេស៊ីមានបំណងបញ្ឈប់ការនាំចូលពោតនៅក្នុងឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានបង្ហាញឱ្យដឹងថាប្រទេសឥណ្ឌូណេស៊ីកំពុងកំណត់គោលដៅបញ្ឈប់ការនាំចូលពោតចាប់ពីឆ្នាំ២០២៦ នៅពេលដែលប្រទេសនេះសង្ឃឹមថានឹងសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងនៅក្នុងផលិតកម្មពោត។
លោកត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីនឹងប្រមូលទិន្នផលពោត និងចាប់ផ្តើមការនាំចេញពោតដំបូងរបស់ខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ីនៅទីក្រុងកាលីម៉ាន់តាន់ខាងលិច។
លោកប្រធានាធិបតី ប្រាបូវ៉ូ បានកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៤ប្រទេសនេះបាននាំចូលពោតប្រហែល ៥០០.០០០តោន។ ទន្ទឹមនឹងនេះដែរទិន្នផលពោតស្ងួតសរុបចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩,៤៥លានតោន ដែលកើនឡើង ០,៩៤លានតោន ស្មើនឹងការកើនឡើង ១១,០៨% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកប្រធានាធិបតីបានកត់សម្គាល់ថា ផលិតកម្មពោតជាតិបានកើនឡើង ៤៨% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ពីចំនួន ៤តោនក្នុងមួយហិកតាដល់ចន្លោះពី ៦ ទៅ ៨តោនក្នុងមួយហិកតា។
ប៉ូលិសជាតិនៃប្រទេសឥណ្ឌូណេស៊ីកំពុងគាំទ្ររដ្ឋាភិបាលទៅលើគម្រោងដាំដុះពោតទ្រង់ទ្រាយធំ និងកម្មវិធីដាំពោតមួយលានហិចតាដើម្បីជំរុញផលិតកម្ម។
យោងតាមលោកប្រធានាធិបតី បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីអាចសម្រេចបាននូវភាពគ្រប់គ្រាន់នៃផលិតផលពោតឆាប់ជាងការរំពឹងទុកដែលមានសក្តានុពលក្នុងរយៈពេលមួយឆ្នាំដែលគាំទ្រដោយការប្រើប្រាស់ពូជដែលមានគុណភាពខ្ពស់ និងជីសរីរាង្គ។
លើសពីនេះទៀត លោកប្រធានាធិបតីបានលើកឡើងអំពីតម្រូវការក្នុងការធានាថា ការកើនឡើងនៃផលិតកម្មនឹងជួយធ្វើឱ្យសុខុមាលភាពកសិករមានភាពប្រសើរឡើង ហើយលោកបានស្នើឱ្យមានការគាំទ្រដល់កសិករតាមរយៈការផ្តល់គ្រឿងចក្រ បច្ចេកវិទ្យា គ្រាប់ពូជ និងជី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





