ម៉ាឡេស៊ី និងប៉ូឡូញ ចង់បង្កើនភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុបកាន់តែខ្លាំងឡើង
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ី និងប៉ូឡូញបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប (EU) ដោយប្រើប្រាស់តួនាទីជាប្រធានរៀងៗខ្លួន ដើម្បីជំរុញភាពជាដៃគូអន្តរតំបន់ដែលមានយុទ្ធសាស្ត្រ និងយូរអង្វែង។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយប្រធានាធិបតីប៉ូឡូញលោក អង់ដ្រេ ឌូដា (Andrzej Duda) ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះកាលពីថ្ងៃទី១០ ខែមិថុនា ថាការធ្វើជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីនៅក្នុងឆ្នាំនេះ និងការចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុបរបស់ប្រទេសប៉ូឡូញកាលពីក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ បានបង្កើតឱកាសការទូតពិសេសមួយ ដើម្បីជំរុញទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបឱ្យកាន់តែជិតស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម។
យោងតាមលោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាគ្នាស៊ីជម្រៅទៅលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជាបច្ចេកវិទ្យាចំណីអាហារបច្ចេកវិទ្យាឌីជីថល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មហាឡាលជាដើម។ លោកបានកោតសរសើរចំពោះក្រុមអ្នកជំនាញរបស់ប៉ូឡូញក្នុងវិស័យអ៊ីដ្រូសែនបៃតង និងបច្ចេកវិទ្យាចំណីអាហារកម្រិតខ្ពស់ ដែលនឹងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ី។
លើសពីនេះទៀត នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានស្វាគមន៍ចំពោះការកើនឡើង ១៩,៥% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងពាណិជ្ជកម្មទ្វេភាគីរវាងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយលោកបានពណ៌នាថា វាជាការឆ្លុះបញ្ចាំងពីភាពជាដៃគូសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះ មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាន ជាពិសេសគឺវឌ្ឍនភាពក្នុងកិច្ចចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប (FTA)។ លោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានគូសបញ្ជាក់ថា សហភាពអឺរ៉ុប ដែលរួមមានទាំងប្រទេសប៉ូឡូញនោះ នៅតែជាដៃគូយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទសេម៉ាឡេស៊ី និងតំបន់អាស៊ានទាំងមូល។
ទន្ទឹមនឹងនោះដែរ លោកប្រធានាធិបតី ឌូដា បាននិយាយថា ផ្នែកសំខាន់មួយនៃកិច្ចពិភាក្សានោះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាលដែលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមសមុទ្របី ក្នុងគោលបំណងផ្តល់នូវវេទិកាដែលមានសក្តានុពលសម្រាប់ការបង្កើនកិច្ចពិភាក្សាសេដ្ឋកិច្ច និងការតភ្ជាប់ជាមួយអាស៊ាន។
មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខពិភពលោក ដែលរួមមានទាំងជម្លោះនៅមជ្ឈិមបូព៌ា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាទស្សនៈរបស់អាស៊ានចំពោះស្ថានភាពពិភពលោក និងតំបន់ផងដែរ។
ប្រទេសប៉ូឡូញជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបធំជាងគេលំដាប់ទី៨ របស់ម៉ាឡេស៊ីនៅក្នុងឆ្នាំ២០២៤ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុបឈានដល់ ១,៣៣ពាន់លានដុល្លារអាម៉េរិក។ការនាំចេញសំខាន់ៗរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសប៉ូឡូញ រួមមានផលិតផលអេឡិចត្រូនិក ផលិតផលកៅស៊ូ និងគ្រឿងម៉ាស៊ីន ខណៈដែលប៉ូឡូញនាំចេញគ្រឿងម៉ាស៊ីន ឧបករណ៍ និងគ្រឿងបន្លាស់ ផលិតផលអេឡិចត្រូនិក និងឧបករណ៍ដឹកជញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





