អាស៊ានផ្តោតសំខាន់ទៅលើការដោះស្រាយការគំរាមកំហែងគ្រឿងញៀន ឧក្រិដ្ឋកម្មសាយប័រ និងអំពើជួញដូរមនុស្ស
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ -- ការទប់ទល់នឹងការគំរាមកំហែងគ្រឿងញៀន ឧក្រិដ្ឋកម្មសាយប័រ និងអំពើជួញដូរមនុស្ស នឹងក្លាយជារបៀបវារៈនៅក្នុងកិច្ចប្រជុំលើកទី៨ នៃក្រុមប្រឹក្សាអន្តរសភាអាស៊ាន(AIPA) ស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀន (AIPACODD) ឆ្នាំ២០២៥ ដែលបានចាប់ផ្តើមនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះនៅទីក្រុងKuantan របស់ប្រទេសម៉ាឡេស៊ី។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំនោះ ប្រធាន AIPA និងជាប្រធានសភាតំណាងរាស្រ្តម៉ាឡេស៊ី លោក ចូហារី អាប់ឌុល (Johari Abdul) បាននិយាយថា របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានព្រមានថា យុវជនអាស៊ានកំពុងប្រឈមមុខនឹងការគំរាមកំហែងដែលកំពុងកើតឡើងពីថ្នាំសំយោគជាពិសេសនៅពេលដែលថ្នាំទាំងនេះត្រូវបានក្លែងបន្លំនៅក្នុងផលិតផលមួយចំនួន ដូចជាបារីអេឡិចត្រូនិចជាដើម។ ដូច្នេះ របៀបវារៈនៃកិច្ចប្រជុំAIPACODD ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងការផ្សារភ្ជាប់គ្នារវាងឧក្រិដ្ឋកម្មគ្រឿងញៀន និងអំពើជួញដូរមនុស្ស ការជួញដូរសត្វព្រៃ ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មសាយប័រ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំនោះ លោក ចូហារី បាននិយាយថា ប្រតិភូអាស៊ាននឹងចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយជាមួយនឹងប្រភេទឧក្រិដ្ឋកម្មឆ្លងដែនទាំងនោះ។ កិច្ចប្រជុំ AIPACODD បានដាក់ចេញនូវគោលបំណងសំខាន់ពីរ គឺការលើកកម្ពស់ការឯកភាពគ្នាក្នុងចំណោមប្រទេសនៅអាស៊ានក្នុងការកសាងគោលនយោបាយរួម និងបង្កើតគំនិតថ្មីៗ ជាពិសេសការទប់ស្កាត់ឧក្រិដ្ឋកម្មសាយប័រ និងអំពើជួញដូរមនុស្ស។
លទ្ធផលនៃកិច្ចប្រជុំនឹងត្រូវបញ្ជូនទៅលេខាធិការដ្ឋានអាស៊ាន ដើម្បីពន្លឿនការអនុវត្ត។
កិច្ចប្រជុំ AIPACODD ដែលមានរយៈពេលពីរថ្ងៃនេះ ត្រូវបានគេរំពឹងថានឹងអនុម័តនូវដំណោះស្រាយជាផ្លូវការនៅថ្ងៃទី១១ ខែមិថុនានេះ។តំណាងមកពីប្រទេសហ្វីលីពីនដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបន្ទាប់នឹងថ្លែងសុន្ទរកថានៅក្នុងពិធីបិទកិច្ចប្រជុំ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





