រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃគូសបញ្ជាក់អំពីយុទ្ធសាស្ត្រកំណើនដល់មន្ត្រីការទូតថៃ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋាភិបាលថៃបានគូសបញ្ជាក់អំពីទិសដៅគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនចំពោះស្ថាប័នការទូតពិភពលោករបស់ប្រទេស ជាមួយនឹងការជំរុញជាថ្មីសម្រាប់កំណែទម្រង់រចនាសម្ព័ន្ធ និងកំណើនដែលនាំមុខដោយវិស័យវិនិយោគ។ ថ្លែងនៅក្នុងសន្និសីទឯកអគ្គរាជទូត និងអគ្គកុងស៊ុលប្រចាំឆ្នាំនៅទីក្រុងបាងកក កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពីឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានជម្រាបជូនបេសកជនអំពីអាទិភាពជាតិសំដៅជំរុញការចូលរួមសេដ្ឋកិច្ចអន្តរជាតិឱ្យកាន់តែរឹងមាំ។
រចនាសម្ព័ន្ធបច្ចុប្បន្ននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃនៅតែពឹងផ្អែកខ្លាំងទៅលើការនាំចេញ និងការប្រើប្រាស់ឯកជន។ ដើម្បីផ្លាស់ប្តូរតុល្យភាពនេះ រដ្ឋាភិបាលគ្រោងនឹងពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកវិស័យដែលជំរុញដោយនវានុវត្តន៍ ដូចជារថយន្តអគ្គិសនី អេឡិចត្រូនិក បច្ចេកវិទ្យាជីវសាស្រ្ត និងសេវាកម្មទិន្នន័យជាដើម។ កំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិក៏កំពុងដំណើរការផងដែរ ដើម្បីកែលម្អភាពងាយស្រួលនៃការធ្វើអាជីវកម្ម និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឱ្យកាន់តែខ្លាំង។
កិច្ចខិតខំប្រឹងប្រែងនេះកំពុងត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់កំណើនប្រកបដោយបរិយាប័ន្ន តាមរយៈការបង្កើតការងារ ការដំឡើងប្រាក់ឈ្នួល និងការពង្រីកតម្រូវការក្នុងស្រុក។ វិធីសាស្រ្តនេះមានគោលបំណងបង្កើតសេដ្ឋកិច្ចដែលមានតុល្យភាព និងមានភាពធន់ជាងមុន ខណៈដែលរក្សាបាននូវការគាំទ្រដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែង។
ឯកអគ្គរាជទូត និងអគ្គកុងស៊ុលទាំងអស់ត្រូវបានចាត់តាំងបេសកកម្មសេដ្ឋកិច្ចជាក់លាក់បន្ទាប់ពីសន្និសីទនេះ ដែលរួមមានទាំងការទាក់ទាញការវិនិយោគប្រកបដោយគុណភាព ការពង្រីកសិទ្ធិទទួលបានពាណិជ្ជកម្ម និងការកសាងភាពជាដៃគូអន្តរជាតិដើម្បីកែលម្អការអប់រំ និងជំនាញកម្លាំងពលកម្ម។
រដ្ឋាភិបាលថៃបាននិយាយថា ខ្លួនមានបំណងរៀបចំការងារការទូតជាមួយនឹងគោលនយោបាយសេដ្ឋកិច្ច ដើម្បីជួយពង្រឹងការប្រកួតប្រជែងជាសកលរបស់ប្រទេសថៃ និងគាំទ្រដល់កំណើនប្រកបដោយចីរភាពនៅគ្រប់វិស័យ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ NNT)





