សហភាពអឺរ៉ុបអាចនឹងបោះឆ្នោតទៅលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- សហភាពអឺរ៉ុបអាចនឹងបោះឆ្នោតទៅលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់សម្តីអ្នកការទូតជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះម្នាក់។
ការរាយការណ៍នោះបាននិយាយថា ទីក្រុងព្រុចសែលកំពុងរង់ចាំការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ហើយប្រសិនបើសហរដ្ឋអាមេរិកយល់ព្រមចំពោះវិធីសាស្រ្តសម្របសម្រួលមួយចំពោះគោលនយោបាយដាក់ទណ្ឌកម្មនោះ សហភាពអឺរ៉ុបនឹងរៀបចំការបោះឆ្នោតរបស់ពួកគេ។
សហភាពអឺរ៉ុបរំពឹងថានឹងទទួលបានសញ្ញានៅក្នុងកិច្ចប្រជុំកំពូល G7 បន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃទី១៥-១៧ ខែមិថុនា ឆ្នាំ២០២៥។
កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ុលឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) បានបញ្ជាក់នៅក្នុងអំឡុងពេលជួបជាមួយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក លីនសេយ ហ្រ្គាហ៊ែម (Lindsey Graham) ថា ទីក្រុងព្រុចសែលកំពុងធ្វើការងារទៅលើកញ្ចប់ទណ្ឌកម្មលើកទី១៨ ប្រឆាំងនឹងរុស្ស៊ី ហើយបានចង្អុលបង្ហាញពីតម្រូវការសម្រាប់ការសម្របសម្រួលនៃការដាក់ទណ្ឌកម្មថ្មីនេះ។
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សហភាពអឺរ៉ុបបានប្រកាសអំពីការអនុម័តកញ្ចប់ទណ្ឌកម្មលើកទី១៧ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដែលដាក់ទៅលើបុគ្គល និងអង្គការជាង ២.៤០០។
រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ខ្លួនអាចទប់ទល់នឹងសម្ពាធទណ្ឌកម្មទាំងនេះបាន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា គោលនយោបាយទប់ស្កាត់ និងធ្វើឱ្យរុស្ស៊ីចុះខ្សោយ គឺជាយុទ្ធសាស្ត្រយូរអង្វែងរបស់បស្ចិមប្រទេស ហើយទណ្ឌកម្មទាំងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





