ការហាមប្រាមការធ្វើដំណើរទៅលើជនជាតិមកពី ១២ប្រទេសរបស់លោក ដូណាល់ ត្រាំ ចូលជាធរមាន
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- ការហាមប្រាមការធ្វើដំណើរថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលរឹតបន្តឹងការចូលទៅក្នុងសហរដ្ឋអាមេរិកសម្រាប់ពលរដ្ឋមកពី ១២ប្រទេស បានចូលជាធរមានហើយកាលពីថ្ងៃចន្ទម្សិលមិញនេះ ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងទៅលើកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោក។
សារព័ត៌មាន CBS News បានរាយការណ៍ថា សេចក្តីប្រកាសថ្មីនេះត្រូវបានចុះហត្ថលេខាដោយលោក ត្រាំ កាលពីសប្តាហ៍មុន ដោយផ្តោតទៅលើពលរដ្ឋមកពីប្រទេសអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។
សេចក្តីប្រកាសនេះក៏អនុវត្តការរឹតបន្តឹងយ៉ាងតឹងរ៉ឹងទៅលើពលរដ្ឋមកពីប្រទេសប៊ូរុនឌី គុយបា ឡាវ សេរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវេណេហ្ស៊ុយអេឡា។
យោងតាមការណែនាំដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនដល់បេសកកម្មការទូតរបស់សហរដ្ឋអាមេរិកទាំងអស់ ការហាមឃាត់ថ្មីនេះមិនលុបចោលនូវទិដ្ឋាការដែលបានចេញរួចហើយសម្រាប់ពលរដ្ឋមកពីប្រទេសដែលបានដាក់ទៅក្នុងបញ្ជីនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ចាប់ពីថ្ងៃច័ន្ទម្សិលមិញនេះ ការស្នើសុំទិដ្ឋាការនឹងត្រូវបានបដិសេធ លុះត្រាតែបេក្ខភាពមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការលើកលែងនោះ។
អ្នកធ្វើដំណើរដែលមានទិដ្ឋាការដែលបានចេញពីមុនអាចនៅតែត្រូវបានអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិក បន្ទាប់ពីបម្រាមនេះចូលជាធរមាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





