នាយករដ្ឋមន្ត្រីថៃចុះពិនិត្យគម្រោងទឹកក្រោមដីនៅក្នុងខេត្តកាន់ចាណាបុរី
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានទៅទស្សនកិច្ចទីក្រុងបានប៉ាកឆាតណុងបួ នៅក្នុងខេត្តកាន់ចាណាបុរី កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃគម្រោងទឹកក្រោមដីខ្នាតធំមួយ។ ដោយមានទីតាំងនៅក្នុងស្រុកឡៅខ្វាន់ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងដើម្បីបន្ធូរបន្ថយគ្រោះរាំងស្ងួត និងកែលម្អលទ្ធភាពប្រើប្រាស់ទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងកសិកម្ម។ លោកស្រីត្រូវបានចូលរួមអមដំណើរដោយមន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងក្រសួងដឹកជញ្ជូនថៃ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនាយករដ្ឋមន្ត្រីបានទៅទស្សនាការតាំងពិព័រណ៍ស្តីពីការគ្រប់គ្រងទឹកក្នុងតំបន់ និងទស្សនាប្រព័ន្ធទឹកក្រោមដី និងប្រព័ន្ធចែកចាយទឹករ៉ែ។ គម្រោងនេះបានជួយដល់ប្រជាជនប្រមាណជិត ១០០.០០០គ្រួសាររួចហើយ និងរួមបញ្ចូលនូវកញ្ចប់ហេដ្ឋារចនាសម្ព័ន្ធដែលបានស្នើឡើងចំនួន១២ ដែលរួមមានទាំងគម្រោងរងជាង ៣.០០០គម្រោងផងដែរ។ ជាមួយនឹងថវិការួមបញ្ចូលគ្នាចំនួន ១៤,៨៥៩ពាន់លានបាត សំណើនេះត្រូវបានគេរំពឹងថានឹងផ្តល់ទិន្នផលទឹកបានជាង ២១១លានម៉ែត្រគូបជារៀងរាល់ឆ្នាំ។
គម្រោងនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៥៦០.០០០គ្រួសារ និងអាចបង្កើតការងារបានជាង ២៩.០០០កន្លែង។ គម្រោងនេះក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់រដ្ឋាភិបាលថៃក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពង្រឹងសន្តិសុខទឹក និងលើកកម្ពស់ភាពធន់នឹងសេដ្ឋកិច្ចនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតរបស់ប្រទេសថៃ។
លោកស្រីនាយករដ្ឋមន្ត្រីក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានចែកធុងទឹកគំរូដល់ពួកគាត់ផងដែរ។ លោកស្រីបានបញ្ជាក់អំពីការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្នុងការពង្រីកគម្រោងស្រដៀងគ្នានេះទៅកាន់តំបន់ជិតៗ និងខេត្តផ្សេងទៀត ដើម្បីលើកកម្ពស់គុណភាពជីវិត។ ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្រ្តីបានបន្តទៅកាន់ស្រុកហួយក្រាចៅ ជាកន្លែងដែលលោកស្រីបានពិនិត្យមើលដំណាក់កាលទី២ នៃគម្រោងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទឹកដែលជាផ្នែកស្នូលនៃរបៀបវារៈនៃការអភិវឌ្ឍជាតិថៃ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ NNT)





