នាយករដ្ឋមន្ត្រីថៃជំរុញឱ្យមានការទូតសកម្មដើម្បីជំរុញពាណិជ្ជកម្ម និងគោលជំហរជាសកល
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានជំរុញឱ្យអ្នកការទូតថៃនៅទូទាំងពិភពលោកប្រកាន់យកនូវវិធីសាស្រ្តសកម្មជាងមុននៅក្នុងវិស័យពាណិជ្ជកម្ម និងគោលនយោបាយការបរទេស ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ប្រទេសថៃឱ្យមានប្រសិទ្ធភាព ចំពេលដែលមានភាពមិនប្រាកដប្រជាជាសកល។ សារគោលនយោបាយរបស់លោកស្រីនេះត្រូវបានបញ្ជូនតាមវីដេអូមួយនៅក្នុងអំឡុងពេលបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ របស់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលនៅទីក្រុងបាងកក កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ។
ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំក្រោមប្រធានបទ «ការទូតសកម្មសម្រាប់ប្រជាជន៖ ពីគោលនយោបាយរហូតដល់សកម្មភាព» នេះ លោកស្រីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការកសាងគុណសម្បត្តិនាពេលបច្ចុប្បន្នរបស់ប្រទេសថៃ ខណៈដែលមានការកំណត់យ៉ាងឆាប់រហ័សនូវឱកាសជាសកលថ្មីៗ។ លោកស្រីបានពិពណ៌នាអំពីការផ្លាស់ប្តូររបស់ពិភពលោកដែលបង្ហាញដោយការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងចំណោមមហាអំណាចធំៗទៅលើវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា និងធនធានធម្មជាតិ។ លោកស្រីបាននិយាយថា ការផ្លាស់ប្តូរជាសកលទាំងនេះ តម្រូវឱ្យប្រទេសថៃធ្វើឱ្យមានតុល្យភាពយ៉ាងប្រុងប្រយ័ត្ននៅក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន ដើម្បីថាកិច្ចខិតខំប្រឹងប្រែងការទូតផ្តល់ផលប្រយោជន៍ពិតប្រាកដដល់សេដ្ឋកិច្ច និងប្រជាជនថៃ។
នាយករដ្ឋមន្ត្រីថៃរូបនេះបានកំណត់នូវចំណុចសំខាន់ៗចំនួន៥ នៃទិសដៅគោលនយោបាយការបរទេសរបស់ប្រទេសថៃ និងគោលដៅរួមរបស់អាស៊ាន រួមទាំងការពង្រឹងភាពរឹងមាំក្នុងស្រុក និងក្នុងតំបន់ ការបង្កើតភាពជាដៃគូជាមួយសម្ព័ន្ធមិត្តដែលមានសមត្ថភាព ការលើកកម្ពស់ពាណិជ្ជកម្មបើកចំហ ការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន និងការផ្តល់លទ្ធផលដែលផ្តោតលើប្រជាជន។ លោកស្រីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពន្លឿនការចរចាពាណិជ្ជកម្មសេរី និងការទាក់ទាញការវិនិយោគក្នុងវិស័យដែលមានសក្តានុពលខ្លាំង ដូចជាវិស័យការផលិតកម្រិតខ្ពស់ គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មច្នៃប្រឌិតជាដើម។ វិស័យពាណិជ្ជកម្ម និងទេសចរណ៍ត្រូវបានជ្រើសរើសជាវិស័យដែលមានការចូលរួមការទូតកាន់តែខ្លាំងដែលអាចបង្កើតឱ្យមានកំណើនប្រកបដោយចីរភាព។
រដ្ឋាភិបាលថៃក៏កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលរួមមានទាំងគម្រោងស្ពានអាកាស ក៏ដូចជាកំណែទម្រង់ដើម្បីកែលម្អភាពងាយស្រួលនៃការធ្វើអាជីវកម្មផងដែរ។ ការអភិវឌ្ឍមូលធនមនុស្សនៅតែជាអាទិភាពចម្បង ដោយមានកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងកម្លាំងពលកម្មជំនាញ ដើម្បីគាំទ្រដល់ភាពធន់ទៅនឹងសេដ្ឋកិច្ច។ អ្នកការទូតទាំងអស់ត្រូវបានស្នើឱ្យចូលរួមចំណែកនូវសំណើគោលនយោបាយដែលនឹងពង្រឹងវត្តមានជាសកលរបស់ប្រទេសថៃ និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។
ការជួបជុំប្រចាំឆ្នាំដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា នៅទីក្រុងបាងកកនេះ បានអនុញ្ញាតឱ្យឯកអគ្គរាជទូត និងអគ្គកុងស៊ុលថៃទាំងអស់សម្របសម្រួលដោយផ្ទាល់ជាមួយអ្នកបង្កើតគោលនយោបាយជាតិ។ វេទិកានេះបានតម្រឹមយុទ្ធសាស្ត្រខាងក្រៅរបស់ប្រទេសថៃជាមួយនឹងការផ្លាស់ប្តូរនិន្នាការអន្តរជាតិ ខណៈដែលពង្រឹងស្ថិរភាពរយៈពេលវែងរបស់ប្រទេស និងភាពពាក់ព័ន្ធជាសកល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ NNT)





