មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្ដចិនជួបជាមួយប្រធានយុត្តិធម៌តុលាការវៀតណាម
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ -- លោក ចេន វិនឈីង (Chen Wenqing) មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្តចិន (CPC) បានជួបជាមួយលោក ឡេ មីញទ្រី (Le Minh Tri) ប្រធានយុត្តិធម៌នៃតុលាការប្រជាជនកំពូលវៀតណាម។
លោក ចេន សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC និងជាប្រធានគណៈកម្មការសម្រាប់កិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការកណ្តាលបក្ស CPC បាននិយាយថា មេដឹកនាំនៃប្រទេសទាំងពីរបានឈានដល់ការឯកភាពគ្នាដ៏សំខាន់លើការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន-វៀតណាម ដោយបានកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
លោក ចេន បាននិយាយថា លោកសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តន៍ដោយស្មោះស្ម័គ្រលើការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ និងភាគីនានា កែលម្អយន្តការទំនាក់ទំនងរបស់ពួកគេ ពង្រីកបណ្តាញកិច្ចសហប្រតិបត្តិការ ពង្រឹងជំនួយផ្នែកតុលាការ កែលម្អគុណភាព និងប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននិងលើកកម្ពស់ការដោះស្រាយវិវាទឆ្លងព្រំដែនប្រកបដោយប្រសិទ្ធភាព។
លោក ឡេ មីញទ្រី បាននិយាយថា ប្រទេសវៀតណាមមានឆន្ទៈក្នុងការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងវិស័យតុលាការ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





