រដ្ឋមន្ដ្រីការបរទេសចិន និងបារាំងជួបពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចការផ្ទៃក្នុង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក ចៀន នូអែល បាររ៉ុត (Jean-Noel Barrot) ។
លោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្ដចិន បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងសមភាគីបារាំង លោក អេមម៉ានូអែល ម៉ាក្រុន (Emmanuel Macron) បានសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ ដោយឈានដល់ការឯកភាពដ៏សំខាន់លើការពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ដោយកត់សម្គាល់ថា ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមរយៈការសន្ទនា និងពិគ្រោះយោបល់ លោក វ៉ាង បានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ និងការអប់រំរវាងប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-បារាំង និងទំនាក់ទំនងចិន-សហភាពអឺរ៉ុប។
លោក វ៉ាង បានសម្តែងក្តីសង្ឃឹមរបស់ប្រទេសចិនថា ប្រទេសបារាំងនឹងរក្សាជំហរត្រឹមត្រូវ និងប្រឆាំងនឹងការជ្រៀតជ្រែករបស់អង្គការណាតូក្នុងកិច្ចការអាស៊ីប៉ាស៊ីហ្វិក ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគួរតែរួមគ្នាលើកកំពស់ពហុភាគីនិយម និងការពារពាណិជ្ជកម្មសេរី ខណៈពេលដែលប្រឆាំងនឹងការអនុវត្តការគំរាមកំហែងដោយឯកតោភាគី។
ចំណែកឯលោក បាររ៉ុត បាននិយាយថា អនុប្រធានាធិបតីចិន លោក ហាន់ ហ្សេង (Han Zheng) ត្រូវបានស្វាគមន៍ក្នុងការចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិនៅប្រទេសបារាំង ដោយលោកបានកត់សម្គាល់ថា ទំនាក់ទំនងបារាំង-ចិន កាន់តែមានសារសំខាន់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ។
លោកបាននិយាយថា ប្រទេសបារាំងតែងតែចាត់ទុកប្រទេសចិនជាមិត្តនិងដៃគូ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ ហើយទន្ទឹងរង់ចាំការរក្សាការផ្លាស់ប្តូរកម្រិតកំពូល និងការទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





