សភាជប៉ុនអនុម័តទៅលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយហ្វីលីពីន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ -- សភាជាតិរបស់ប្រទេសជប៉ុនបានអនុម័តទៅលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ(RAA) ជាមួយប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ ដោយអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងនៅលើទឹកដីរបស់គ្នាទៅវិញទៅមក។
កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ចំពេលដែលមានការកើនឡើងនូវភាពមិនច្បាស់លាស់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
កិច្ចព្រមព្រៀងនេះនឹងជួយបន្ធូរបន្ថយការរឹតបន្តឹងទៅលើការបម្លាស់ទីរវាងកងកម្លាំងរបស់ប្រទេសទាំងពីរដើម្បីជួយសម្រួលដល់ការធ្វើសមយុទ្ធរួមនិងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ដែលធ្វើឱ្យប្រទេសហ្វីលីពីនក្លាយជាដៃគូ RAA ទីបីរបស់ប្រទេសជប៉ុន បន្ទាប់ពីប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស។
ប្រទេសជប៉ុន និងហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីខែកក្កដា ឆ្នាំមុន ក្នុងអំឡុងពេលនៃកិច្ចសន្ទនាសន្តិសុខ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសទាំងពីរ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





