សេវាកម្មផ្លូវដែកវៀតណាម-ចិន បង្ហាញនូវទំព័រថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ -- គេហទំព័ររដ្ឋរបស់ប្រទេសចិនchina.com.cn កាលពីពេលថ្មីៗនេះបានចុះផ្សាយអត្ថបទមួយ ស្តីពីការដំណើរការឡើងវិញនៃរថភ្លើងអន្តរជាតិវៀតណាម-ចិន បន្ទាប់ពីរយៈពេល៥ឆ្នាំ ដោយបានហៅវាថាជាស្ពានមាសនៃមិត្តភាព និងការអភិវឌ្ឍ។
អត្ថបទនោះកត់សម្គាល់ថា ការបន្តសេវាកម្មរថភ្លើងនេះ គឺមិនត្រឹមតែជារស់ឡើងវិញនៃផ្លូវរថភ្លើងនេះទេ ប៉ុន្តែវាជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ការធ្វើដំណើរពីខេត្តណាននីងទៅកកាន់ទីក្រុងហាណូយឥឡូវនេះត្រូវបានកាត់បន្ថយពេលវេលាតិចជាង ១២ម៉ោង ដោយការធ្វើដំណើរពីពេលមុនត្រូវចំណាយពេលវេលាយ៉ាងច្រើន។ រថភ្លើងនេះប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនៅផ្នែកនៃប្រទេសវៀតណាម និងអនុញ្ញាតឱ្យមានការតភ្ជាប់ដោយមិនចាំបាច់ផ្លាស់ប្តូររថភ្លើងនៅព្រំដែន។
អត្ថបទនោះក៏បានគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិន និងវៀតណាមមានកំណើនជាប់លាប់ ដោយឈានដល់តម្លៃ ៨៨,៣៦ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៥ ដែលកើនឡើងប្រចាំឆ្នាំ ១០,៧% ។ការដឹកជញ្ជូនតាមផ្លូវដែកបានក្លាយទៅជារបៀបដ៏សំខាន់មួយសម្រាប់ការចែកចាយគ្រឿងអេឡិចត្រូនិច ផលិតផលកសិផល និងទំនិញផ្សេងៗទៀត ដោយសារប្រសិទ្ធភាព និងភាពជឿជាក់ខ្ពស់។
ផលិតផលផ្លែឈើស្រស់របស់វៀតណាម ដូចជាផ្លែស្រកានាគ និងស្វាយ ឥឡូវនេះអាចចូលទៅក្នុងទីផ្សារប្រទេសចិនក្នុងរយៈពេលតែ៤៨ម៉ោងប៉ុណ្ណោះដោយប្រើប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿន ដែលនាំឱ្យបរិមាណនៃការបញ្ជាទិញមានការកើនឡើង ១៥០%។ ការបន្តសេវារថភ្លើងដឹកអ្នកដំណើរនេះត្រូវបានគេរំពឹងថានឹងបង្កើនប្រសិទ្ធភាពភស្តុភារបន្ថែមទៀត។
អត្ថបទនោះបានសង្កត់ធ្ងន់ថា ខណៈដែលប្រទេសវៀតណាម និងចិនប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូត និងឆ្នាំនៃការផ្លាស់ប្តូរមនុស្សធម៌ចិន-វៀតណាមឆ្នាំ២០២៥ សេវាកម្មផ្លូវដែកអន្តរជាតិនេះបានក្លាយទៅជាផ្លូវដែកថ្មីមួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





