ស្ពានទន្លេមេគង្គជួយជំរុញសន្ទុះនៃការតភ្ជាប់រវាងវៀតណាម ឡាវ និងថៃ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ -- ប្រទេសឡាវ និងថៃ បានជួបប្រជុំគ្នាជុំចុងក្រោយស្តីពីស្ពានមិត្តភាពលេខ៥ កាលពីថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០២៥ កន្លងទៅ ដែលជាការកត់សម្គាល់យ៉ាងសំខាន់ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការជំរុញពាណិជ្ជកម្មក្នុងអនុតំបន់ទន្លេងមេគង្គ ជាពិសេសក្នុងចំណោមប្រទេសវៀតណាម ឡាវ និងថៃ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក ស៊ូរីយ៉ា ជុងរុងរៀងគីត (Suriya Jungrungreangkit)បានសង្កត់ធ្ងន់ថា ស្ពាននេះនឹងជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសថៃ និងឡាវ បង្កើតទំនាក់ទំនងភស្តុភារជាយុទ្ធសាស្ត្រទៅកាន់កំពង់ផែវុងអាងរបស់ប្រទេសវៀតណាម និងបង្កើតការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវគោកពីប្រទេសថៃឆ្លងកាត់ប្រទេសឡាវទៅកាន់ប្រទេសវៀតណាម និងឆ្ពោះទៅប្រទេសចិន។
លោកបានគូសបញ្ជាក់ថា ស្ពាននេះត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសន្តិសុខនៃប្រទេសទាំងបី និងតំបន់ទាំងមូល។
ទន្ទឹមនឹងនោះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឡាវលោក ង៉ាមប្រាសុង មួងម៉ានី (Ngamprasong Muangmani) បានគូសបញ្ជាក់ពីគាំទ្រការប្រែក្លាយរបស់ប្រទេសឡាវពីប្រទេសដីផ្លូវគោកទៅជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់។
ស្ពានមិត្តភាពឡាវ-ថៃលេខ៥ មានខ្សែកាបប្រវែង ១.៣៥០ម៉ែត្រឆ្លងកាត់ទន្លេមេគង្គដោយតភ្ជាប់ខេត្តបឹងកានរបស់ប្រទេសថៃ និងខេត្តបូលីខាំសៃរបស់ប្រទេសឡាវ។ ជាមួយនឹងស្ពាននេះ ផ្លូវពីខេត្តបឹងកានកាត់តាមខេត្តបូលីខាំសៃទៅច្រកទ្វារព្រំដែនកៅទ្រើយនៅក្នុងខេត្តហាទីញនៅភាគកណ្តាលប្រទេសវៀតណាម ហើយជួយកាត់បន្ថយចម្ងាយផ្លូវពីជាង៣៥០គីឡូម៉ែត្រមកនៅត្រឹមតែ ២០០គីឡូម៉ែត្រ។ ស្ពាននេះជាផ្លូវខ្លីបំផុត និងងាយស្រួលបំផុតក្នុងការដឹកជញ្ជូនទំនិញពីខេត្តបឹងកានទៅកាន់ខេត្តហាទីញដែលជួយលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាជំរុញពាណិជ្ជកម្មឆ្លងដែនផងដែរ។
ស្ពានមិត្តភាពចុងក្រោយបង្អស់នេះ ត្រូវបានគេរំពឹងថានឹងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៥ និងបន្តជាគំរូនៃកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងប្រទេសថៃ និងប្រទេសឡាវ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





