មីយ៉ាន់ម៉ាចង់នាំចេញអង្ករឱ្យបាន ៣លានតោនក្នុងឆ្នាំសារពើពន្ធ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF) លោក អ៊ូ យេ មីន អ៊ុង (U Ye Min Aung) បាននិយាយថា ប្រទេសមីយ៉ាន់ម៉ារំពឹងថា អង្ករប្រហែល ៣លានតោននឹងត្រូវបាននាំចេញក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦ ខណៈដែលប្រទេសនេះកំពុងស្វែងរកទីផ្សារសំខាន់ៗ ដូចជាទីផ្សារប្រទេសចិនជាដើម។
នាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បសុសត្វ និងធារាសាស្រ្តរបស់មីយ៉ាន់ម៉ា បានអញ្ជើញបណ្តាក្រុមហ៊ុនមួយចំនួនដែលមានបំណងដាក់ពាក្យស្នើសុំចុះបញ្ជីការនាំចេញអង្ករទៅកាន់ប្រទេសចិន ដាក់ពាក្យស្នើសុំសម្រាប់ចំណាប់អារម្មណ៍នៃការនាំចេញ (EOI)។
ក្រុមហ៊ុនទាំងនោះត្រូវគោរពតាមកិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យ (SPS) ដែលបានចុះហត្ថលេខារវាងមីយ៉ាន់ម៉ា និងចិន។
ក្រុមហ៊ុនថ្មីៗដោយមិនរាប់បញ្ចូលនូវក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណពីមុនគួរតែដាក់ពាក្យស្នើសុំ EOI របស់ពួកគេទៅកាន់នាយកដ្ឋានកសិកម្ម និងក្រុមការងារបច្ចេកទេសរបស់ MRF ស្តីពីការនាំចេញអង្ករទៅកាន់ប្រទេសចិន ហើយត្រូវដាក់សំណើនេះមិនឱ្យលើសពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នោះទេ។
នៅក្នុងឆ្នាំសារពើពន្ធ ២០២៤-២០២៥ ប្រទេសមីយ៉ាន់ម៉ាបាននាំចេញអង្ករជាង ២,៤៨លានតោន។ យោងតាម MRF បានឱ្យដឹងថា ទំហំនាំចេញខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងខែតុលា ឆ្នាំ២០២៤ ដែលមានចំនួនជាង៤២៤.០០០តោន។
ទីផ្សារដ៏ធំបំផុតរបស់អង្ករមីយ៉ាន់ម៉ាក្នុងឆ្នាំសារពើពន្ធនោះ គឺប្រទេសឥណ្ឌូណេស៊ី (១០៧.៤៥០តោន) ចិន (៣៧.៧១៣តោន) Cote D'Ivoire (៣១.៩៤០តោន) ហ្វីលីពីន (៥.៧៩៣តោន) និងប៉ូឡូញ (៥.១១៦តោន)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





