ម៉ាឡេស៊ីអំពាវនាវឱ្យមានការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដើម្បីជួយនាំមកនូវការបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។
ដូចដែលត្រូវបានរាយការណ៍ដោយគេហទំព័រសារព័ត៌មាន Malay Mail បាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីសម្តែងការអធិស្ឋានAidiladha នៅវិហារម៉ាស់ជីដពុត្រា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ លោក អាន់វ៉ា បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរួមក្នុងតំបន់ និងអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ និងការរងទុក្ខរបស់ប្រជាជនប៉ាឡេស្ទីន។
លោកបាននិយាយបន្ថែមថា «យើងបានបង្ហាញពីគោលជំហររបស់យើង ប៉ុន្តែនេះមិនអាចជាការខិតខំប្រឹងប្រែងរបស់ប្រទេសតែមួយនោះទេ។ដូចដែលយើងបានឃើញហើយនៅក្នុងការចូលរួមនាពេលថ្មីៗនេះជាមួយបណ្តាប្រទេសនៅឈូងសមុទ្រ ដែលនាំមកនូវការព្រមព្រៀងរួមគ្នាមួយ»។
លោកបាននិយាយថា «ដូច្នេះ អាស៊ាន រដ្ឋឈូងសមុទ្រ និងប្រទេសមួយចំនួនទៀត អាចរួមគ្នាដើម្បីផ្តល់សារច្បាស់លាស់ និងដាក់សម្ពាធយ៉ាងខ្លាំងនៅលើពិភពលោកដើម្បីបញ្ឈប់ជម្លោះនេះ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





