ប្រធានាធិបតីរវ៉ាន់ដាធ្វើទស្សនកិច្ចនៅប្រទេសអាល់ហ្សេរី និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីរវ៉ាន់ដា លោក ពូល កាហ្គាមេ (Paul Kagame) បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសអាល់ហ្សេរី ដោយបានជួបជាមួយប្រធានាធិបតី លោក អាប់ដេលម៉ាដជីដ តេបូនេ (Abdelmadjid Tebboune) និងត្រួតពិនិត្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីដែលមានគោលបំណងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យទូរគមនាគមន៍ ការច្នៃប្រឌិតឌីជីថល ឱសថ កសិកម្ម ការដឹកជញ្ជូនតាមផ្លូវអាកាស និងសន្តិសុខ។ កិច្ចព្រមព្រៀងបន្ថែមរួមមានការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងការពង្រីកកិច្ចសហការក្នុងវិស័យអប់រំ និងការស្រាវជ្រាវវិទ្យាសាស្ត្រ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចពិភាក្សានៅប្រទេសអាល់ហ្សេរី លោក កាហ្គាមេ និងលោក តេបូនេ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការដោះស្រាយជម្លោះនៅទ្វីបអាហ្រ្វិកតាមរយៈមធ្យោបាយសន្តិវិធី និងបានច្រានចោលការជ្រៀតជ្រែកពីបរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ទ្វីបនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម លោក តេបូនេ បានពណ៌នាកិច្ចពិភាក្សាថាជា «ភាពសម្បូរបែប និងការស្ថាបនា» ដោយគូសបញ្ជាក់ពីការពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ និងវប្បធម៌ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ។
នៅលើជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន លោក តេបូនេ បាននិយាយថា មេដឹកនាំទាំងពីរបានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» លើស្ថានភាពនៅតំបន់ហ្គាហ្សា ហើយបានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សា ការចូលប្រើប្រាស់មនុស្សធម៌ដោយគ្មានការរារាំង និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដែលមានមូលដ្ឋានលើព្រំប្រទល់ឆ្នាំ១៩៦៧ ជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។
មេដឹកនាំអាល់ហ្សេរីបានបន្ថែមថា កិច្ចប្រជុំក៏បានផ្តល់ឱកាសដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍក្នុងតំបន់ រួមទាំងស្ថានភាពសន្តិសុខនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





