រុស្ស៊ីសម្លឹងមើលកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយដៃគូចិន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ -- អភិបាលរងក្រុងវ៉ូហ្គោហ្គ្រេដ (Volgograd) លោកស្រី អានណា ពិសេមស្កាយ៉ា (Anna Pisemskaya) បានប្រាប់សារព័ត៌មាន Xinhua ក្នុងបទសម្ភាសន៍ថ្មីៗនេះថា ទីក្រុង Volgograd របស់ប្រទេសរុស្ស៊ីរំពឹងថានឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូចិនក្នុងវិស័យផ្សេងៗ។
លោកស្រី ពិសេមស្កាយ៉ា បាននិយាយថា ទីក្រុងវ៉ូហ្គោហ្គ្រេដសម្លឹងមើលផែនការអនាគតជាមួយដៃគូចិនក្នុងការរួមគ្នាបង្កើតគម្រោងច្នៃប្រឌិត អភិវឌ្ឍថាមពលបៃតង ពង្រីកច្រករបៀងដឹកជញ្ជូន និងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងអប់រំ។
មន្ត្រីរូបនេះបានកត់សម្គាល់ថា ពាណិជ្ជកម្មក្នុងតំបន់ជាមួយប្រទេសចិនមានភាពរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងទំហំពាណិជ្ជកម្មកើនឡើង ៦៦,៨% ក្នុងឆ្នាំ២០២៤ ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកស្រី ពិសេមស្កាយ៉ា បាននិយាយថា ការវិនិយោគរបស់ប្រទេសចិននៅក្នុងទីក្រុងវ៉ូហ្គោហ្គ្រេដកំពុងផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់ទំនើបកម្មលើវិស័យនានាដូចជា ឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
លោកស្រីបានបន្ថែមថា តំបន់នេះក៏ផ្តល់ជូនដៃគូចិននូវផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ បណ្តាញដឹកជញ្ជូន និងការចូលទៅពង្រីកទីផ្សារនៃភាគខាងត្បូងនៃប្រទេសរុស្ស៊ី។
អភិបាលរងបានកត់សម្គាល់ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៃភ្ញៀវទេសចរចិនក្នុងការមកទស្សនាទីក្រុងវ៉ូហ្គោហ្គ្រេដដែលមានប្រវត្តិដ៏សម្បូរបែប ខណៈដែលអ្នកស្រុកវ៉ូហ្គោហ្គ្រេដ កំពុងសិក្សាភាសា និងវប្បធម៌ចិនកាន់តែខ្លាំង។
មានទីតាំងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ីរវាងទន្លេ Volga និងទន្លេ Don ទីក្រុងវ៉ូហ្គោហ្គ្រេដបម្រើជាច្រកទ្វារទៅកាន់ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ ទីតាំងយុទ្ធសាស្ត្របានធ្វើឱ្យវាក្លាយជាតួអង្គសំខាន់ក្នុងការដឹកជញ្ជូន និងពាណិជ្ជកម្មក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





