នាយករដ្ឋមន្ត្រីឆេក និងព្រះមហាក្សត្រហូឡង់ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីឆេក លោក ផេទឺ ហ្វីអាឡា (Petr Fiala) និងព្រះមហាក្សត្រនៃប្រទេសហូឡង់ ព្រះអង្គម្ចាស់ វីល្លេម អាឡិចសាន់ដឺ (Willem-Alexander) បានជួបពិភាក្សាគ្នានៅទីក្រុង Prague ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិ។
រដ្ឋាភិបាលឆេកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពនៃការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងសេដ្ឋកិច្ចទៅវិញទៅមក ការគាំទ្រគម្រោងឧស្សាហកម្មរួមគ្នា និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ» ដោយបន្ថែមថា ភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ និងបន្តការសន្ទនាជាយុទ្ធសាស្ត្រ។ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ក្រុមហ៊ុនឆែកជិត ៦០០០ក្រុមហ៊ុនបច្ចុប្បន្នធ្វើពាណិជ្ជកម្មជាមួយប្រទេសហូឡង់។
លោក ហ្វីអាឡា បាននិយាយថា «យើងមានឱកាសជាក់ស្តែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀតនៅក្នុងវិស័យមួយចំនួន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ»។
ព្រះអង្គម្ចាស់ វីល្លេម អាឡិចសាន់ដឺ ក៏បានជួបជាមួយប្រធានាធិបតីឆែក លោក ផេទឺ ប៉ាវែល (Petr Pavel) នៅវិមាន Prague Castle ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





