រដ្ឋមន្ត្រីសិង្ហបុរី៖ សិង្ហបុរី និងចិននឹងពង្រីកកិច្ចសហប្រតិបត្តិការឌីជីថល និងនិរន្តរភាព
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ -- យោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីកាលពីថ្ងៃពុធ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មានសិង្ហបុរី លោកស្រី ចូសេហ្វីន តេអូ (Josephine Teo) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឆុងឈីង ភាគនិរតីនៃប្រទេសចិនថា ប្រទេសសិង្ហបុរី និងចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល និងនិរន្តរភាព ដោយកសាងលើគម្រោងរួមដែលមានស្រាប់ និងការច្នៃប្រឌិតគោលនយោបាយ។
លោកស្រី តេអូ បានធ្វើការកត់សម្គាល់នេះ ខណៈដែលប្រទេសសិង្ហបុរី និងទីក្រុងឆុងឈីង ប្រារព្ធខួបលើកទី១០ នៃគំនិតផ្តួចផ្តើមចិន-សិង្ហបុរី ស្តីពីការតភ្ជាប់យុទ្ធសាស្ត្រ (CCI) នៅឆ្នាំនេះ។
លោកស្រីបានកត់សម្គាល់ថា ប្រទេសសិង្ហបុរី និងប្រទេសចិននឹងគាំទ្រក្រុមហ៊ុនរបស់ពួកគេក្នុងការចាប់យកឱកាសថ្មីៗនៅក្នុងវិស័យដែលកំពុងរីកចម្រើននៃឌីជីថលនីយកម្ម និងនិរន្តរភាព។
លោកស្រី តេអូ បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីពីថ្ងៃច័ន្ទដល់ថ្ងៃអង្គារថា «គំនិតផ្តួចផ្តើម CCI នៅតែបន្តជាវេទិកាដ៏សំខាន់មួយក្នុងការដាក់ប្រទេសសិង្ហបុរី និងទីក្រុងឆុងឈីងជាមជ្ឈមណ្ឌលភ្លោះដែលជំរុញការតភ្ជាប់តំបន់មួយទៅតំបន់មួយកាន់តែស៊ីជម្រៅ និងទូលំទូលាយរវាងអាស៊ីអាគ្នេយ៍ និងប្រទេសចិនភាគខាងលិច»។
ការចេញផ្សាយនេះបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រីបានចាប់ផ្តើមការចូលរួមទ្វេភាគីជាបន្តបន្ទាប់ រួមទាំងសន្និសីទនៃការតភ្ជាប់ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ និងការតាំងបង្ហាញវប្បធម៌ និងបេតិកភណ្ឌទីក្រុងឆុងឈីងនៅក្នុងប្រទេសសិង្ហបុរី ក៏ដូចជា «បទពិសោធន៍នៃប្រទេសសិង្ហបុរីក្នុងមួយសប្តាហ៍» នៅទីក្រុងឆុងឈីង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





