ប្រមុខក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីធ្វើដំណើរទៅទីក្រុងព្យុងយ៉ាង ដើម្បីជួបជាមួយលោក គីម ជុងអ៊ុន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ -- សារព័ត៌មានរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក សើហ្គេយ សយហ្គូ (Sergei Shoigu) បានទៅដល់ទីក្រុងព្យុងយ៉ាងដើម្បីជួបជាមួយមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong-un) ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass បានរាយការណ៍ថា លោក សយហ្គូ បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងតាមការណែនាំពីប្រធានាធិបតី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ហើយគ្រោងនឹងជួបជាមួយលោក គីម ។
ដំណើរទស្សនកិច្ចនេះបានកើតឡើងចំពេលមានការរំពឹងទុកថា លោក គីម អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូលជាមួយលោក ពូទីន ដើម្បីប្រារព្ធខួបលើកទីមួយនៃការចុះហត្ថលេខាលើសន្ធិសញ្ញាការពារទៅវិញទៅមកកាលពីខែមិថុនាឆ្នាំមុន ដែលនាំទៅដល់ការដាក់ពង្រាយកងទ័ពរាប់ពាន់នាក់របស់ប្រទេសកូរ៉េខាងជើងនៅខាងភាគីរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
ដំណើរទស្សនកិច្ចរបស់លោក សយហ្គូ បានកើតឡើងតិចជាងបីខែ បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីជួបមេដឹកនាំកូរ៉េខាងជើង ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។
ដំណើរទស្សនកិច្ចរបស់លោកក៏បានធ្វើឡើងត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខរដ្ឋកូរ៉េខាងជើង លោក រី ឆាងដេ (Ri Chang-dae) បានជួបជាមួយលោកនៅទីក្រុងមូស្គូក្នុងឱកាសនៃកិច្ចប្រជុំអន្តរជាតិនៃមន្ត្រីសន្តិសុខជាន់ខ្ពស់។
ក្នុងជំនួបនោះ លោក រី និងលោក សយហ្គូ តាមសេចក្តីរាយការណ៍បានពិភាក្សាគ្នាអំពីបញ្ហាដែលទាក់ទងនឹងការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើង ដើម្បីគាំទ្ររុស្ស៊ីក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
ជុំវិញការដាក់ទណ្ឌកម្មអន្តរជាតិដ៏តឹងរ៉ឹង ប្រទេសកូរ៉េខាងជើងបានងាកទៅរកប្រទេសរុស្ស៊ីសម្រាប់ធនធាន និងកិច្ចសហប្រតិបត្តិការ ហើយត្រូវបានគេជឿថា ដោយបានទទួលបច្ចេកវិទ្យាការពារដ៏កម្រដើម្បីជំរុញឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ជាថ្នូរនឹងការពង្រាយទ័ព និងការផ្គត់ផ្គង់អាវុធ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





