លោក ស៊ី អបអរសាទរ លោក លី ចេយ៉ុង ក្នុងការបោះឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃពុធបានបន្តអបអរសាទរ លោក លី ចេយ៉ុង (Lee Jae-myung) ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង។
ដោយកត់សម្គាល់ថា ប្រទេសចិន និងកូរ៉េខាងត្បូងគឺជាប្រទេសជិតខាង និងដៃគូដ៏សំខាន់របស់គ្នាទៅវិញទៅមក សម្រាប់កិច្ចសហប្រតិបត្តិការ លោក ស៊ី បាននិយាយថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី ៣៣ឆ្នាំមុន ភាគីទាំងពីរបានឆ្លងកាត់ភាពខុសគ្នាខាងមនោគមវិជ្ជា និងប្រព័ន្ធសង្គម ដោយសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសុខភាពល្អនៃទំនាក់ទំនងទ្វេភាគី។
លោក ស៊ី បានបន្ថែមថា ប្រការនេះមិនត្រឹមតែបានលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ផងដែរ។
ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូង។
លោក ស៊ី បានកត់សម្គាល់ថា នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ការផ្លាស់ប្តូរដែលកម្រឃើញក្នុងរយៈពេលមួយសតវត្សកំពុងកើតឡើងក្នុងល្បឿនមួយដ៏លឿន ហើយកត្តាអស្ថិរភាពនៅក្នុងស្ថានភាពអន្តរជាតិ និងតំបន់កំពុងកើនឡើង។
លោកបានមានប្រសាសន៍ថា ប្រទេសសំខាន់ទាំងពីរក្នុងពិភពលោក និងតំបន់ ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយប្រទេសកូរ៉េខាងត្បូងដើម្បីរក្សាការប្តេជ្ញាចិត្តចំពោះស្មារតីដែលបានដឹកនាំការបង្កើតទំនាក់ទំនងការទូតរបស់ពួកគេ លើកកម្ពស់ភាពជាអ្នកជិតខាងល្អ និងមិត្តភាព និងប្រកាន់ខ្ជាប់នូវគោលដៅនៃផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍជាបន្តបន្ទាប់នៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-កូរ៉េខាងត្បូង និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





