ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងប្តេជ្ញាបង្រួបបង្រួមជាតិដែលបែកបាក់
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក លី ជេយុង (Lee Jae-myung) បានសន្យាកាលពីថ្ងៃពុធថានឹងធ្វើឱ្យការឯកភាពជាតិជាអាទិភាពកំពូលរបស់លោក និងលុបបំបាត់យុគសម័យនៃនយោបាយបែកបាក់របស់កូរ៉េខាងត្បុង ខណៈដែលលោកចូលកាន់តំណែងជាមេដឹកនាំបន្ទាប់របស់ប្រទេសមួយនេះ។
នៅក្នុងសុន្ទរកថាថ្ងៃស្បថចូលកាន់តំណែងរបស់លោកនៅឯរដ្ឋសភាក្នុងទីក្រុងសេអ៊ូល លោក លី បានតាំងខ្លួនលោកជា «ប្រធានាធិបតីសម្រាប់ប្រជាជនទាំងអស់គ្នា» ដោយលោកបានសង្កត់ធ្ងន់ថា ការិយាល័យរបស់លោកមានទំនួលខុសត្រូវក្នុងការបម្រើដល់ប្រជាពលរដ្ឋគ្រប់រូប។
លោក លី បាននិយាយថា «វាដល់ពេលហើយដើម្បីកសាងស្ពាននៃការរួមរស់ ការផ្សះផ្សា និងសាមគ្គីភាព ហើយលុបបំបាត់ចោលនូវការប្រឈមមុខដាក់គ្នា។ ពេលនេះជាពេលវេលាដើម្បីបើកយុគសម័យនៃសុភមង្គលសម្រាប់ប្រជាជនទាំងអស់ដែលពោរពេញទៅដោយក្តីសុបិន និងក្តីសង្ឃឹម»។
ការកត់សម្គាល់របស់លោកខាងលើនេះ បានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីបេក្ខភាគប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យសេរីកូរ៉េ (DPK) បានឈ្នះការបោះឆ្នោតដោយទទួលបានសំឡេងគាំទ្រ ៤៩,៤២% ធៀបទៅនឹងលោក គីម មូនស៊ូ (Kim Moon-soo) មកពីគណបក្សអំណាចប្រជាជនអភិរក្សដែលទទួលបានសំឡេងឆ្នោតគំាំទ្រ ៤១,១៥%។
លោក លី បានអំពាវនាវឱ្យប្រទេសកូរ៉េខាងត្បូងដើរឱ្យហួសពីបន្ទាត់នៃមនោគមវិជ្ជាហួសសម័យ ដែលជាក់ស្តែងសំដៅទៅលើការបែកបាក់ជាតិធ្ងន់ធ្ងរដែលបានបង្ហាញនៅក្នុងលទ្ធផលនៃច្បាប់អាជ្ញាសឹករបស់លោក យូន ស៊ុកយុល (Yoon Suk Yeol) ដែលជាអតីតប្រធានាធិបតីកូរ៉េខាងត្បូង។ លោកបានជំរុញឱ្យមានការផ្តោតការយកចិត្តទុកដាក់ជាថ្មីទៅលើបញ្ហាប្រឈមជាក់ស្តែង ដែលប្រទេសជាតិកំពុងជួបប្រទះ។
លោកបាននិយាយថា «ការរួបរួមជាសញ្ញាសម្គាល់នៃសមត្ថភាព ខណៈដែលការបែកបាក់ជាលទ្ធផលនៃអសមត្ថភាព។ យើងនឹងស្តារទំនាក់ទំនង និងការសន្ទនាឡើងវិញនៅលើមូលដ្ឋាននៃការរួមរស់ និងសមាហរណកម្ម ហើយធ្វើឱ្យមានសម្បទាននយោបាយ និងការសម្របសម្រួលឡើងវិញ»។
លោកបានគូសបញ្ជាក់ពីទិសដៅនៃរដ្ឋបាលថ្មីរបស់លោក ដោយប្តេជ្ញាបង្កើតរដ្ឋាភិបាលមួយប្រកបដោយប្រសិទ្ធភាព និងអាចបត់បែនបាន។ លោកក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកចំពោះគោលការណ៍ទីផ្សារសេរីផងដែរ។
លោកបាននិយាយថា «មិនថាជាគោលនយោបាយរបស់លោក ផាក ជុងហេ (Park Chung-hee) ឬរបស់លោក គីម ដេជុង (Kim Dae-jung) នោះទេ ប្រសិនបើវាជាគោលនយោបាយចាំបាច់ និងមានប្រយោជន៍ យើងនឹងទទួលយកវា។ រដ្ឋបាលរបស់លោក លី ជេយុង នឹងក្លាយជារដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងផ្តោតលើទីផ្សារ»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថែមស៍)





