សហគមន៍ធុរកិច្ចបរទេសរំពឹងថាទំនាក់ទំនងសេដ្ឋកិច្ចកូរ៉េខាងត្បូងនឹងកាន់តែរឹងមាំក្រោមការដឹកនាំថ្មី
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ -- ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ដែលលោក លី ជេយុង (Lee Jae-myung) បានឈ្នះនោះ កំពុងបង្កើនក្តីសង្ឃឹមនៅក្នុងចំណោមពាណិជ្ជករបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលថារដ្ឋបាលថ្មីនេះនឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសរបស់ពួកគេ។
នៅពេលដែលលោក លី បានបញ្ចប់ការខ្វះចន្លោះនៃការដឹកនាំរដ្ឋាភិបាលរយៈពេលជាច្រើនខែកន្លងមក សហគមន៍ធុរកិច្ចបរទេសបានអបអរសាទរចំពោះជ័យជំនះរបស់លោក ដោយសន្យាថានឹងផ្តល់ការគាំទ្រសម្រាប់ភាពជោគជ័យនៃរដ្ឋបាលថ្មីរបស់លោក។
សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ-អាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងទន្ទឹងរង់ចាំការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលថ្មី ដើម្បីជំរុញកំណើនទៅវិញទៅមក នវានុវត្តន៍ និងឱកាសសម្រាប់សហគមន៍ធុរកិច្ចរបស់យើង»។
សភាពាណិជ្ជកម្មបរទេសធំលំដាប់ទីពីរនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបន្តអំពាវនាវឱ្យមានក្របខណ្ឌបទប្បញ្ញត្តិដែលអាចទុកចិត្តបាន និងមានតម្លាភាព ការអនុវត្តច្បាប់ និងគោលនយោបាយដែលជំរុញយ៉ាងសកម្មដល់ការវិនិយោគបរទេស។
ក្នុងអំឡុងពេលនៃបទសម្ភាសន៍ជាមួយសារព័ត៌មានកូរ៉េថែមស៍កាលពីខែមេសា នាយកប្រតិបត្តិសភាពាណិជ្ជកម្មកូរ៉េ-អាល្លឺម៉ង់ លោកស្រី ម៉ារី អាន់តូនីញ៉ា វ៉ុន ស្កុនបឺក (Marie Antonia von Schonburg) បានជំរុញឱ្យកូរ៉េខាងត្បូង និងអាល្លឺម៉ង់បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះពហុភាគីនិយម និងប្រព័ន្ធពាណិជ្ជកម្មសកលលោកដែលផ្អែកលើច្បាប់។
លោកស្រីបាននិយាយនៅពេលនោះថា «នៅក្នុងពិភពលោកដែលកំពុងប្រឈមមុខនឹងការកើនឡើងនូវលទ្ធិគាំពារនិយម និងការបង្កើនសម្ពាធលើបទដ្ឋានពាណិជ្ជកម្មជាសកល កូរ៉េខាងត្បូង និងអាល្លឺម៉ង់ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដើម្បីកសាងភាពធន់ និងភាពរហ័សរហួនកាន់តែខ្លាំង»។
សភាពាណិជ្ជកម្មអាហ្រ្វិកខាងត្បូងក្នុងប្រទេសកូរ៉េខាងត្បូងសង្ឃឹមថា ប្រធានាធិបតីថ្មីនឹងប្រើប្រាស់កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 ដែលបានកំណត់ធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះនៅក្នុងទីក្រុងចូហាន់បឺក សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការយូរអង្វែងប្រកបដោយអត្ថន័យជាមួយបណ្តាប្រទេសនៅអាហ្វ្រិក។
លោក ទីម៉ូធី ឌីកឃែនស៍ (Timothy Dickens) ប្រធានសភាពាណិជ្ជកម្មអាហ្វ្រិកខាងត្បូងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលធ្វើការឱ្យក្រុមហ៊ុនច្បាប់ Daeryook & Aju របស់កូរ៉េខាងត្បូង និងជាមេធាវីបរទេសនោះ បាននិយាយថា «នៅពេលដែលអាហ្វ្រិកខាងត្បូងទទួលតំណែងជាប្រធាននៃក្រុមប្រទេស G20 នៅក្នុងឆ្នាំនេះ យើងឃើញឱកាសពិសេស និងទាន់ពេលវេលាសម្រាប់កូរ៉េខាងត្បូង និងអាហ្វ្រិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទៅលើអាទិភាពរួមគ្នា រាប់ចាប់ពីភាពធន់ទៅនឹងអាកាសធាតុ និងការផ្លាស់ប្តូរថាមពលឱ្យទៅជាពាណិជ្ជកម្ម នវានុវត្តន៍ឌីជីថល សន្តិសុខស្បៀងអាហារ និងសុវត្ថិភាពសុខភាព»។
សភាពាណិជ្ជកម្មសិង្ហបុរីនៅកូរ៉េខាងត្បូង សង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅក្នុងវិស័យយុទ្ធសាស្ត្រ ដូចជានវានុវត្តន៍ និរន្តរភាព និងការតភ្ជាប់ក្នុងតំបន់។
ប្រធានសភាពាណិជកម្មសិង្ហបុរី លោក ចាស្ទីន យ៉ុង (Justin Yong) បាននិយាយថា «ឆ្នាំនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងសិង្ហបុរី និងកូរ៉េខាងត្បូង។ ក្នុងរយៈពេល ៥ទសវត្សរ៍កន្លងមកនេះ ប្រទេសរបស់យើងបានកសាងភាពជាដៃគូដ៏រឹងមាំ និងឆ្ពោះទៅមុខដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងមានទំនាក់ទំនងដ៏រឹងមាំផ្នែកសេដ្ឋកិច្ច វប្បធម៌ និងប្រជាជន»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថែមស៍)





