បណ្តាញផ្លូវដែកចិនបង្កើតកំណត់ត្រាថ្មីក្នុងថ្ងៃបុណ្យអុំទូកនាគ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្លូវដែករបស់ប្រទេសចិន បានបង្កើតកំណត់ត្រាថ្មីសម្រាប់ការធ្វើដំណើរក្នុងពិធីបុណ្យអុំទូកនាគ ដោយមានអ្នកដំណើរចំនួន ៧៨,៧៥លាននាក់បានធ្វើដំណើរនៅចន្លោះថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមប្រតិបត្តិករផ្លូវដែកជាតិ ក្រុមហ៊ុនផ្លូវដែករដ្ឋចិន បានចេញផ្សាយកាលពីថ្ងៃពុធ។
តួលេខនេះមានការកើនឡើង ៣,៥% ពីមួយឆ្នាំទៅមួយឆ្នាំ និងជាចំនួនខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រយៈពេលវិស្សមកាល។
ក្រុមហ៊ុនបានសន្មតថា ការកើនឡើងនេះដោយសារតែការត្រួតស៊ីគ្នានៃពិធីបុណ្យអុំទូកនាគជាប្រពៃណី និងទិវាកុមារអន្តរជាតិ ដែលបានជំរុញឱ្យមានការកើនឡើងនៃការដើរលេងកម្សាន្តជាលក្ខណៈគ្រួសារ និងទេសចរណ៍ក្នុងស្រុក។
ដើម្បីបំពេញតម្រូវការនៃការកើនឡើងនេះ បណ្តាញផ្លូវដែកចិនបានបង្កើនប្រតិបត្តិការជាមួយនឹងរថភ្លើងដឹកអ្នកដំណើរជាមធ្យម ១២.១៤២ដង ដែលដំណើរការជារៀងរាល់ថ្ងៃ ដោយកើនឡើង ៩,៩% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





