កិច្ចព្រមព្រៀង RCEP ៖ ការពង្រឹងភាពធន់នឹងឧស្សាហកម្ម
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ -- កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនភាពធន់នៃវិស័យផលិតកម្មរបស់ប្រទេសចិន។ ឧស្សាហកម្មបែបប្រពៃណី ដូចជាវាយនភណ្ឌ និងសំលៀកបំពាក់ បានទទួលការប្រកួតប្រជែងឡើងវិញតាមរយៈការកាត់បន្ថយការចំណាយ និងការកែលម្អប្រសិទ្ធភាព ខណៈដែលផលិតផលមួយចំនួនទៀត ដូចជាគ្រឿងបន្លាស់រថយន្ត និងសារធាតុគីមីពិសេស បានពង្រីកចំណែកទីផ្សាររបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ ឧបករណ៍ទំនាក់ទំនង 5G និងយានជំនិះថាមពលថ្មី កំពុងទទួលបានការកើនឡើងនូវការទទួលស្គាល់ជាអន្តរជាតិ ជាមួយនឹងការកើនឡើងនៃតម្រូវការពីសមាជិកផ្សេងទៀតនៃកិច្ចព្រមព្រៀង RCEP ដែលជាការបញ្ជាក់អំពីភាពស្វាហាប់ដែលពង្រឹងគ្នាទៅវិញទៅមករវាងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ទន្ទឹមនឹងលំហូរពាណិជ្ជកម្មដែលកំពុងមានការកើនឡើង ក្របខ័ណ្ឌស្ថាប័នរបស់កិច្ចព្រមព្រៀង RCEP ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះផងដែរ។ នៅក្នុងឆ្នាំ២០២៤ ក្នុងនាមជាប្រធានប្តូរវេនមិនមែនអាស៊ាននៃកិច្ចព្រមព្រៀង RCEP ប្រទេសចិនបានធ្វើការយ៉ាងសកម្មដើម្បីជំរុញនីតិវិធីចូលជាសមាជិកថ្មី។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ អង្គភាពគាំទ្រកិច្ចព្រមព្រៀង RCEP ក៏ចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤ ដែរ។
ប្រទេសស្រីលង្កា និងឈីលី បានដាក់ពាក្យជាផ្លូវការដើម្បីចូលរួមជាមួយកិច្ចព្រមព្រៀង RCEP ខណៈដែលប្រទេសសេដ្ឋកិច្ចមួយចំនួនទៀតបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការក្លាយជាសមាជិកនៃកិច្ចព្រមព្រៀង RCEP។ ភាពទាក់ទាញ និងឥទ្ធិពលរបស់កិច្ចព្រមព្រៀងនេះកំពុងបន្តកើនឡើង។
ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់អត្ថប្រយោជន៍គោលនយោបាយនៃកិច្ចព្រមព្រៀង RCEP តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព។ បញ្ហាប្រឈមដូចជាសម្ពាធប្រកួតប្រជែងពីការផ្លាស់ប្តូរទីតាំងផលិតកម្មដែលមានតម្លៃទាបនៅក្នុងប្រទេសមួយចំនួន និងហានិភ័យខាងក្រៅពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលនៃខ្សែសង្វាក់ផ្គត់ផ្គង់ គឺនៅតែមាន។
ការដោះស្រាយបញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានការពន្លឿនការបង្កើនកម្លាំងផលិតភាពគុណភាពថ្មី ដូចជាយានជំនិះថាមពលថ្មី និងការផលិតជីវសាស្ត្រ ការពង្រឹងសេវាកម្មដែលផ្តោតលើសហគ្រាសតាមរយៈការផ្តល់គោលនយោបាយល្អប្រសើរ និងការផ្តួចផ្តើមគំនិតផ្សេងទៀត ព្រមទាំងការបង្កើតច្បាប់រួមគ្នាក្នុងវិស័យដែលកំពុងរីកចម្រើន ដូចជាវិស័យសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មបៃតងជាដើម។
ទិសដៅកើនឡើងនៃកំណើនពាណិជ្ជកម្ម RCEP មិនត្រឹមតែឆ្លុះបញ្ចាំងពីទំហំពាណិជ្ជកម្មដែលបានពង្រីកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះការបើកទូលាយស្តង់ដារខ្ពស់ និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសកលភាវូបនីយកម្មសេដ្ឋកិច្ចផងដែរ។
នៅពេលដែលសហគ្រាសកាន់តែច្រើនចាប់យកឱកាសតាមរយៈកិច្ចព្រមព្រៀង RCEP ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនក្នុងពាណិជ្ជកម្មបរទេសនឹងពិតជាត្រូវបានពង្រឹងជាមួយនឹងជំពូកថ្មីៗដ៏គួរឱ្យកត់សម្គាល់បន្ថែមទៀត៕
ដោយ៖ យា ចិន្ដាខន្ដី





