ឡាវនាំចេញផ្លែស្វាយលើកដំបូងទៅប្រទេសចិន និងជំរុញពាណិជ្ជកម្មកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ -- ប្រទេសឡាវបានចាប់ផ្តើមការនាំចេញផ្លែស្វាយស្រស់ចំនួន ៩០តោនជាលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសចិនជាផ្លូវការ ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងមហិច្ឆតាពាណិជ្ជកម្មកសិកម្មរបស់ប្រទេសនេះ។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ Lao Economic Daily កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ពិធីនៃការបើកការនាំចេញទំនិញត្រូវបានប្រារព្ធឡើងនៅក្នុងរដ្ឋធានីវៀងច័ន្ទប្រទេសឡាវកាលពីថ្ងៃទី៣០ ខែឧសភា។
ការនាំចេញនេះបានកត់សម្គាល់ជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសឡាវ និងចិន។ វាធ្វើតាមកិច្ចព្រមព្រៀងឆ្នាំ២០២៣ ដោយរដ្ឋាភិបាលទាំងពីរក្នុងការនាំចេញផ្លែស្វាយស្រស់របស់ប្រទេសឡាវទៅកាន់ទីផ្សារប្រទេសចិន ដែលជាកិច្ចព្រមព្រៀងមួយបានបើកទ្វារដល់ការពង្រីកឱកាសពាណិជ្ជកម្ម និងការវិនិយោគ។
នៅក្នុងសុន្ទរកថារបស់ លោក បួនចាន់ កុមបួនយ៉ាសិទ្ធ (BounchanKombounyasith) អគ្គនាយកនៃនាយកដ្ឋានកសិកម្មស្ថិតនៅក្រោមក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានសង្កត់ធ្ងន់ថា ក្រសួងកំពុងផ្តោតលើការលើកកម្ពស់ផលិតផលកសិកម្មដែលមានសក្តានុពលខ្ពស់ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល បង្កើតការប្តូរប្រាក់ពីបរទេស និងលើកទឹកចិត្តដល់តម្លៃនៃការកែច្នៃនាំចេញបន្ថែម។
រដ្ឋាភិបាលឡាវមានគោលដៅសម្រាប់កំណើន ៤,៣% នៅក្នុងវិស័យកសិកម្មនៅឆ្នាំ២០២៥ ជាមួយនឹងគោលដៅដើម្បីសម្រេចបាននូវការរួមចំណែក ២២,៤% ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





