គុយបា និងចិនពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងការផ្តល់ព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ -- ប្រភពការទូតបាននិយាយថា ប្រទេសគុយបា និងចិនបានបញ្ជាក់សារជាថ្មីនូវកិច្ចសហការជាយុទ្ធសាស្ត្រក្នុងការផ្តល់ព័ត៌មាន និងសន្តិសុខសាយប័រនៅក្នុងអំឡុងពេលវេទិកាអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអ៊ីនធឺណិត China-Celac (សហគមន៍នៃរដ្ឋអាម៉េរិកឡាទីន និងការីបៀន) នៅទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ។
យោងតាមព័ត៌មានដែលបានចុះផ្សាយដោយស្ថានទូតគុយបាប្រចាំនៅប្រទេសចិន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងគុយបា លោកស្រី ម៉ាយរ៉ា អារ៉េវិច (Mayra Arevich) បានចូលរួមវេទិកានោះ ហើយបានច្រានចោលការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងសម្រាប់យុទ្ធនាការ និងឧបាយកលនយោបាយនៃការបង្ខូចកេរ្តិ៍ឈ្មោះ។
ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកតំណាងជាង ៤០០នាក់មកពីប្រទេសចិន និងប្រទេសចំនួន១៣ ដែលបានជួបជុំគ្នាក្រោមពាក្យស្លោក «ចែករំលែកឱកាសថ្មីនៅក្នុងសេដ្ឋកិច្ចឌីជីថល និងរួមគ្នាកសាងសហគមន៍នៃជោគវាសនានៅក្នុងប្រព័ន្ធអ៊ីនធឺណែតរវាងចិន និងអាម៉េរិកឡាទីន»។
យោងតាមប្រភពផ្លូវការ បានឱ្យដឹងថា អ្នកចូលរួមបានដោះស្រាយបញ្ហាសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រ និងការអភិវឌ្ឍប្រព័ន្ធអេកូឌីជីថល។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាចិន-Celac ដែលត្រូវបានកត់សម្គាល់ជាព្រឹត្តិការណ៍សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការ និងការសន្ទនានយោបាយរវាងតំបន់ទាំងពីរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ប្រេនសាឡាទីណា)





