លោក លី ជេយុង សមាជិកគណបក្ស DPK របស់កូរ៉ខាងត្បូង ត្រៀមឈ្នះការបោះឆ្នោតប្រធានាធិបតី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ -- លោក លី ជេយុង (Lee Jae-myung) មកពីគណបក្សប្រជាធិបតេយ្យសេរីកូរ៉េ (DPK) ត្រូវបានគេព្យាករណ៍ថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងដោយយកឈ្នះលោក គីម មូនស៊ូ (Kim Moon-soo) មកពីគណបក្សអំណាចប្រជាជនអភិរក្ស (PPP)។ នេះបើយោងតាមការស្ទង់មតិនៃការបោះឆ្នោតដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
ការស្ទង់មតិរួមគ្នាដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយធំៗ ដូចជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ KBS, MBC និង SBS បានបង្ហាញថា លោក លីទទួលបាន ៥១,៧% នៃការបោះឆ្នោត ដែលលើសលោក គីម ដែលទទួលបាន ៣៩,៣%។ លោក លី ជុនស៊ុក (Lee Jun-seok) មកពីគណបក្សកំណែទម្រង់អភិរក្សអនីតិជន ទទួលបាន ៧,៧%។
ការស្ទង់មតិនោះបានធ្វើឡើងទៅលើអ្នកបោះឆ្នោតប្រមាណ ១០០.០០០នាក់ដែលបានបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន ៣២៥កន្លែងនៅទូទាំងប្រទេសនៅថ្ងៃបោះឆ្នោត។ ដើម្បីគិតគូរពីនិន្នាការនៃការបោះឆ្នោតមុនកាលកំណត់ ការស្ទង់មតិតាមទូរស័ព្ទដាច់ដោយឡែកមួយទៅលើអ្នកបោះឆ្នោតចំនួន ១១.៥០០នាក់ក៏ត្រូវបានធ្វើឡើង ហើយក៏បានរាប់បញ្ចូលទៅក្នុងលទ្ធផលនោះផងដែរ។
គណៈកម្មការជាតិរៀបចំការបោះឆ្នោត (NEC) បានរាយការណ៍ថា ចំនួនអ្នកទៅបោះឆ្នោតមានចំនួន ៧៧,៨% គិតត្រឹមម៉ោង ៧:០០យប់ថ្ងៃបោះឆ្នោត។ តួលេខនេះរាប់បញ្ចូលទាំងការបោះឆ្នោតដំបូងរយៈពេលពីរថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដែលនៅក្នុងនោះ ៣៤,៧៤% នៃអ្នកបោះឆ្នោតមានសិទ្ធិបានចូលរួម ក៏ដូចជាការបោះឆ្នោតនៅក្រៅប្រទេស នៅឯនាយសមុទ្រ និងតាមរយៈសន្លឹកឆ្នោតតាមសំបុត្រ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថែមស៍)





