ភ្លៀងធ្លាក់ខ្លាំងបំផ្លាញលំនៅដ្ឋានជនជាតិរ៉ូហ៊ីងយ៉ាជាង ១.៤០០ខ្នងនៅបង់ក្លាដែស
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ -- ភ្លៀងមូសុងមួយយ៉ាងខ្លាំងបានធ្លាក់នៅទីក្រុង Cox's Bazar នៅឆ្នេរភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស ហើយបានបំផ្លាញលំនៅដ្ឋានជនជាតិរ៉ូហ៊ីងយ៉ាជាង ១.៤០០ខ្នង។
ក្នុងរយៈពេលត្រឹមតែពីរថ្ងៃ មានករណីរអិលបាក់ដីចំនួន៥៣ ត្រូវបានរាយការណ៍នៅទូទាំងជំរុំជនភៀសខ្លួនចំនួន៣៣។ អង្គការ UNHCR បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ជនភៀសខ្លួនម្នាក់បានស្លាប់ដោយសារការបាក់រលំជញ្ជាំង ខណៈដែលករណីរន្ទះបាញ់ត្រូវបានគេរាយការណ៍ថាបានបង្កឱ្យមនុស្សរងរបួសចំនួន ១១នាក់ ។
ជនជាតិរ៉ូហ៊ីងយ៉ាជាង ១,៣លាននាក់កំពុងស្វែងរកការជ្រកកោននៅក្នុងស្រុក Cox's Bazar ដែលពួកគេភាគច្រើនបានទៅដល់ទីនោះបន្ទាប់ពីមានការបង្ក្រាបដោយយោធាមីយ៉ាន់ម៉ាកាលពីក្នុងឆ្នាំ២០១៧។
លោកស្រី ជូលីយែត មូរ៉េកេយីសូនី (Juliet Murekeyisoni) អ្នកតំណាងបណ្តោះអាសន្ននៃអង្គការ UNHCR ប្រចាំប្រទេសបង់ក្លាដែសបាននិយាយថា «ជម្រាលដ៏ចោត គ្រោះទឹកជំនន់ និងជម្រកបណ្តោះអាសន្នធ្វើឱ្យមានការលាយឡំដ៏គ្រោះថ្នាក់នៅក្នុងកន្លែងដែលមានប្រជាជនរស់នៅច្រើនកុះករ ខណៈដែលមានខ្យល់បក់ខ្លាំងបង្កហានិភ័យដល់ទីជម្រកដែលធ្វើពីឫស្សី និងតង់ស្នាក់នៅដែលមិនមានភាពរឹងមាំ»។
អង្គការ UNHCR បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ដែលទើបនឹងទៅដល់ថ្មី ដែលភៀសខ្លួនចេញពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅក្នុងរដ្ឋរ៉ាឃីនរបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យតែមានអ្នករស់នៅកាន់តែច្រើនកកកុញនៅក្នុងទីកន្លែងចង្អៀត។
បញ្ហាកង្វះខាតថវិកាដ៏សំខាន់ក៏គំរាមកំហែងដល់សមត្ថភាពរបស់អង្គការមនុស្សធម៌មួយនេះនៅក្នុងការបំពេញតម្រូវការបន្ទាន់ និងអនុវត្តឱ្យបានយ៉ាងពេញលេញនូវសកម្មភាពដែលជាតម្រូវការផងដែរ។
នៅក្នុងឆ្នាំនេះ ផែនការឆ្លើយតបរួមរបស់អង្គការសហប្រជាជាតិសម្រាប់ស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានស្វែងរកថវិកាបាន៩៣៤.៥០លានដុល្លារអាម៉េរិកដើម្បីជួយដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងសហគមន៍ម្ចាស់ផ្ទះនៅក្នុងប្រទេសបង់ក្លាដែស ប៉ុន្តែមានតែ ២០% នៃថវិកាដែលបានស្នើសុំប៉ុណ្ណោះដែលអង្គការបានទទួល៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





